FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើង មានផែនការដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅតាមបណ្ដោយព្រំដែនជាប់កូរ៉េខាងត្បូង

08-05-2026 10:17

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ថាកូរ៉េខាងជើងមានផែនការដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅតាមបណ្ដោយព្រំដែនជាប់កូរ៉េខាងត្បូង ដែលនេះនឹងក្លាយជាការគំរាមកំហែងមួយលើទីក្រុងសេអ៊ូល ក្នុងករណីជម្លោះណាមួយផ្ទុះឡើង។ នេះបើតាមការដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីរាយការណ៍របស់ខ្លួន KCNA បានឱ្យដឹងថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតអាវុធមួយក្នុងសប្ដាហ៍នេះដើម្បី ត្រួតពិនិត្យការផលិតប្រព័ន្ធកាំភ្លើងធំកាណុង ១៥៥មីលីម៉ែត្រស៊េរីថ្មី។ តាម KCNA កាំភ្លើងធំស៊េរីថ្មីនេះអាចបាញ់បានរយៈចម្ងាយ ៦០គីឡូម៉ែត្រ ហើយអាចនឹងត្រូវបាន ដាក់ពង្រាយក្នុងឆ្នាំនេះទៅកាន់អង្គភាពកាំភ្លើងធំស្ថិតនៅតាមបណ្ដោយព្រំដែនជាប់កូរ៉េខាងត្បូង។

ទីក្រុងសេអ៊ូលស្ថិតនៅចម្ងាយប្រហែល ៥០ ទៅ៦០គីឡូម៉ែត្រពីតំបន់ព្រំដែនជាប់ជាមួយកូរ៉េខាងជើង ហើយទីតាំងមួយផ្នែកធំនៃខេត្ត Gyeonggi ជាខេត្តមានប្រជាជន រស់នៅច្រើនបំផុតរបស់កូរ៉េខាងត្បូង និងជាមណ្ឌលឧស្សាហកម្មដ៏សំខាន់មួយ ក៏អាចនឹងស្ថិតនៅក្រោមចម្ងាយបាញ់នៃកាំភ្លើងធំរបស់កូរ៉េខាងជើងផងដែរ។ ដោយស្រង់សម្ដី ពីលោក គីម ជុងអ៊ុន KCNA បាននិយាយថាកាំភ្លើងធំ១៥៥មីលីម៉ែត្រស៊េរីថ្មីនឹងធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំង ហើយផ្ដល់អត្ថាប្រយោជន៍ដល់ប្រតិបត្តិការជើងគោករបស់កងទ័ពកូរ៉េខាងជើង។

គួរបញ្ជាក់ថា បើទោះជាមានការបោះដៃស្វែងរកសន្តិភាពពីរដ្ឋាភិបាលកូរ៉េខាងត្បូងក៏ដោយ ក៏កូរ៉េខាងជើងនៅតែប្រកាន់ជំហរដាច់ខាតមិនព្រមចរចា ហើយចាត់ទុក កូរ៉េខាងត្បូងជាសត្រូវចម្បងរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ថ្មីៗនេះទីក្រុងព្យុងយ៉ាងបានលុបចោលភាសាបង្រួបបង្រួមជាតិនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនទៀតផង៕