FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទេសជាច្រើន ដាក់ចេញវិធានការតាមដានអ្នកដំណើរជិះនៅលើកប៉ាល់ដែលផ្ទុះករណីឆ្លងមេរោគ Hantavirus (Video inside)

08-05-2026 09:43

(អាំស្ទែដាំ)៖ បណ្ដាប្រទេសជាច្រើនបាន និងកំពុងដាក់ចេញវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគ Hantavirus បន្ទាប់ពីមានករណីឆ្លងរាលដាលមេរោគ ដ៏កាចសាហាវនេះនៅលើកប៉ាល់ទេសចរណ៍មួយគ្រឿង តាមរយៈការតាមដានអ្នកដំណើរដែលបានជិះ និងចុះពីលើកប៉ាល់នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​។

អង្គការសុខភាពពិភពលោក WHO កាលពីដើមសប្ដាហ៍នេះបានឱ្យដឹងថាមនុស្ស ៣នាក់បានស្លាប់ដោយសារឆ្លងមេរោគ Hantavirus នៅលើកប៉ាល់ទេសចរណ៍ MV Hondius។ គិតជាសរុប មនុស្ស៥នាក់ត្រូវបានបញ្ជាក់ថាបានឆ្លងមេរោគ Hantavirus និងមានករណីសង្ស័យឆ្លងចំនួន៣ផ្សេងទៀត។ Hantavirus ជាប្រភេទមេរោគដែលចម្លងជំងឺចេញពីពពួកសត្វកកេរដូចជាសត្វកណ្ដុរ តែក្នុងករណីកម្រខ្លះក៏អាចឆ្លងពីមនុស្សទៅមនុស្សផងដែរ។ មេរោគនេះអាចបង្ករោគសញ្ញា នៃជំងឺផ្លូវដង្ហើម hantavirus pulmonary syndrome ជាលក្ខខណ្ឌមួយដែលចាប់ផ្ដើមជាមួយរោគសញ្ញាដូចគ្នាទៅនឹងជំងឺផ្ដាសាយ គ្រុនក្ដៅ និងគ្រុនញាក់ ហើយវិវត្តន៍យ៉ាងលឿនរហ័សទៅជាបញ្ហាសួត និងពិបាកដកដង្ហើម។

កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ អ្នកដំណើរទាំងអស់ជិះនៅលើកប៉ាល់ទេសចរណ៍ MV Hondius បានចុះពីលើកប៉ាល់ នៅឯដែនកោះ St. Helena ក្នុងតំបន់មហាសមុទ្រអាត្លង់ទិកខាងត្បូង ជាទីដែលកប៉ាល់នេះបានឈប់សំចតកាលពីថ្ងៃទី២៤ ខែមេសា។ អ្នកដំណើរទាំងអស់ត្រូវបានទំនាក់ទំនងដោយ អាជ្ញាធរដើម្បីត្រួតពិនិត្យ និងធ្វើតេស្ដថាតើមានអ្នកឆ្លងមេរោគ Hantavirus ឬក៏យ៉ាងណា?

WHO បានបញ្ជាក់ម្ដងហើយម្ដងទៀតថាហានិភ័យនៃការឆ្លងរាលដាលមេរោគ Hantavirus ចំពោះសុខាភិបាលសាធារណៈនៅតែមានកម្រិតខ្ពស់។ នាយកផ្នែកគ្រប់គ្រងជំងឺឆ្លងរបស់ WHO លោកស្រី Maria Van Kerkhove បាននិយាយថា Hantavirus មិនមែនជាមេរោគកូរ៉ូណានោះទេ ហើយស្ថានភាពបច្ចុប្បន្នខុសគ្នាពីស្ថានភាពនៃការឆ្លងរាតត្បាតកូវីដ១៩កាលពី៦ឆ្នាំមុនផងដែរ។

តែយ៉ាងណាក៏ដោយ WHO បាននិយាយថាខ្លួនកំពុងធ្វើការលើគោលការណ៍ណែនាំជាដំណាក់កាលៗ សម្រាប់នៅពេលដែលអ្នកដំណើរសេសសល់ជាច្រើននាក់នៅលើ កប៉ាល់ MV Hondius ធ្វើដំណើរទៅដល់កោះ Canary Islands នៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ហើយចុះពីកប៉ាល់ និងត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ បច្ចុប្បន្នមិនទាន់មានអ្នកដំណើរណាម្នាក់មានរោគសញ្ញាគួរឱ្យសង្ស័យនោះទេ៕