ហ្វីលីពីនទទូចឱ្យមីយ៉ាន់ម៉ា យល់ព្រមឱ្យបេសកជនពិសេសអាស៊ាន ជួបលោកស្រី អោងសាន ស៊ូជី បន្ទាប់ពីលោកស្រី ត្រូវបានអនុញ្ញាតឱ្យអនុវត្តទោសនៅក្នុងផ្ទះ (Video inside)
06-05-2026 14:10
(ម៉ានីល)៖ នាថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ហ្វីលីពីនបានអំពាវនាវឱ្យមីយ៉ាន់ម៉ា ផ្តល់ការយល់ព្រមដើម្បីឱ្យប្រេសិតពិសេសអាស៊ាន អាចជួបជាមួយអតីតមេដឹកនាំ លោកស្រី អោងសាន ស៊ូជី បន្ទាប់ពីអាជ្ញាធរបានអនុញ្ញាតឱ្យលោកស្រី អាចអនុវត្តទោសជាប់ឃុំខ្លួននៅក្នុងផ្ទះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ហ្វីលីពីនដែលមានតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានក្នុងឆ្នាំនេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យើងចាត់ទុកស្ថានការណ៍វិវត្តន៍ទាំងនេះ ជាការបោះជំហានដ៏សំខាន់ ក្នុងដំណើរការនៃវិធានការកសាងភាពជឿជាក់ ដែលចាំបាច់សម្រាប់ស្ថិរភាពជាតិយូរអង្វែងនៅមីយ៉ាន់ម៉ា»។
ហ្វីលីពីនបានបន្តថា ការផ្តល់សិទ្ធិឱ្យបេសកជនពិសេសអាស៊ាន នឹងគាំទ្រដល់ការធ្វើទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធទាំងអស់ ហើយជំរុញការបង្កើតកិច្ចសន្ទនាជាតិប្រកបដោយបរិយាបន្ន។ ម៉្យាងវិញទៀត ស្ថានការណ៍វិវត្តន៍ទាំងនោះ គួរតែត្រូវបានប្រើប្រាស់ ដើម្បីកសាងកម្លាំងចលករសម្រាប់កិច្ចសន្ទនានយោបាយ និងកិច្ចប្រឹងប្រែងផ្សះផ្សាជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមក្របខណ្ឌសន្តិភាពអាស៊ាន ឬហៅថាកិច្ចព្រមព្រៀងជាឯកច្ឆន្ន៥ចំណុច។
គួរបញ្ជាក់ថា លោកស្រី អោងសាន ស៊ូជី ត្រូវបានឃុំខ្លួន ចាប់តាំងពីរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់របស់លោកស្រី ត្រូវបានផ្តួលរំលំក្នុងរដ្ឋប្រហារយោធា កាលពីឆ្នាំ២០២១។ លោកស្រី ត្រូវអនុវត្តទោសជាប់ពន្ធនាគារសរុប២៧ឆ្នាំ ក្រោមបទចោទប្រកាន់ជាច្រើន ដែលសម្ព័ន្ធមិត្តលោកស្រី អះអាងថា ធ្វើឡើងក្រោមហេតុផលនយោបាយ។ ប៉ុន្តែកាលពីខែមេសាកន្លងទៅនេះ លោកស្រី ស៊ូជី ទើបទទួលបានការបន្ធូរបន្ថយទោស ដោយរយៈពេលជាប់ពន្ធនាគាររបស់លោកស្រី ត្រូវបានបន្ថយក្នុងកម្រិត១ភាគ៦ ដល់ទៅ២លើក ហើយត្រូវបានអនុញ្ញាតឱ្យអនុវត្តរយៈពេលសេសសល់ នៅក្នុងផ្ទះ៕


