គុយបាចោទរដ្ឋមន្រ្តីការបរទេសអាមេរិកនិយាយកុហកសុទ្ធសាធ ក្រោយអះអាងថាគ្មានការបិទខ្ទប់លំហូរប្រេង (Video inside)
06-05-2026 13:41
(ឡាហាវ៉ាន)៖ កាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ គុយបាបានទាត់ចោលការអត្ថាធិប្បាយរបស់ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio ដែលអះអាងថា គ្មានការបិទខ្ទប់លំហូរប្រេងប្រឆាំងប្រទេសដែនកោះនៃតំបន់ Caribbean មួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua។
រដ្ឋមន្រ្តីការបរទេសគុយបា លោក Bruno Rodriguez បានចោទថា លោក Rubio និយាយកុហកសុទ្ធសាធ ហើយវាផ្ទុយស្រឡះពីបទបញ្ជាប្រតិបត្តិចុះហត្ថលេខាដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៩ ខែមករា ដែលគំរាមដំឡើងពន្ធលើប្រទេសនានា ដែលហ៊ានផ្គត់ផ្គង់ប្រេងឱ្យប្រទេសគុយបា។
លោក Rodriguez បានលើកឡើងដូច្នេះថា «រយៈពេល៤ខែមកហើយ មានកប៉ាល់ដឹកប្រេងតែ១គ្រឿងគត់ ដែលបានមកដល់គុយបា។ អ្នកផ្គត់ផ្គង់ទាំងអស់របស់យើង ត្រូវបានសម្លុតគំរាម ដែលជាការបំពានច្បាប់ពាណិជ្ជកម្មសេរី ក៏ដូចជាសេរីភាពនៃការធ្វើនាវាចរណ៍»។ លោក Rodriguez បានបន្ថែមថា លោក Rubio ដឹងច្បាស់ណាស់ អំពីផលវិបាកចំពោះប្រជាជនគុយបា បង្កឡើងដោយការបិទខ្ទប់លំហូរប្រេងរបស់អាមេរិក។
ទន្ទឹមគ្នា ទីក្រុងឡាហាវ៉ាន ក៏បានរិះគន់បញ្ជាប្រតិបត្តិថ្មីមួយទៀត ទើបចុះហត្ថលេខាដោយលោក ត្រាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលបានដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងវិស័យថាមពលរបស់គុយបាផងដែរ។ រដ្ឋាភិបាលគុយបា បានហៅចំណាត់ការនោះថា ជាទង្វើខុសច្បាប់។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានរក្សាការដាក់ទណ្ឌកម្មប្រឆាំងគុយបា អស់រយៈពេលសរុបជាង៦០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ១៩៦២មក ហើយពេលខ្លះ វាត្រូវបានរឹតបន្តឹងបន្ថែម និងពេលខ្លះទៀតត្រូវបានបន្ធូរបន្ថយបន្តិចបន្តួច៕




