លោក ដូណាល់ ត្រាំ ប្រកាសផ្អាកប្រតិបត្តិការ Project Freedom ដើម្បីជំរុញកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ (Video inside)
06-05-2026 08:48
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថារូបលោកនឹងផ្អាកប្រតិបត្តិការយោធាដើម្បីអមកប៉ាល់ពាណិជ្ជកម្ម ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz មួយថ្ងៃបន្ទាប់ពីចាប់ផ្ដើមប្រតិបត្តិការនេះ ក្នុងគោលបំណងសម្រួលដល់ការឈានដល់កិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ដើម្បីបញ្ចប់សង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រតិបត្តិការរបស់លោក ត្រាំ មានឈ្មោះថា «Project Freedom» ដែលមានគោលដៅជួយរំដោះកប៉ាល់ពាណិជ្ជកម្មដែលកំពុងជាប់គាំងក្នុងតំបន់ច្រកសមុទ្រ Hormuz បានចាប់ផ្ដើម ធ្វើឡើងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ក៏ប៉ុន្តែ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានឱ្យដឹងថារូបលោកបានផ្អាកប្រតិបត្តិការនេះ តបតាម សំណើពីប៉ាគីស្ថានដែលកំពុងជួយសម្របសម្រួលកិច្ចចរចា និងបណ្ដាប្រទេសដទៃទៀត។ តាមលោក ត្រាំ កំពុងមានភាពរីកចម្រើនដ៏សំខាន់ឆ្ពោះទៅរកកិច្ចព្រមព្រៀងពេញលេញ និងចុងក្រោយមួយជាមួយអ៉ីរ៉ង់។
លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងបានឯកភាពគ្នាទៅវិញទៅមកថាខណៈការបិទខ្ទប់នឹងនៅតែបន្តធ្វើឡើង ប្រតិបត្តិការ Project Freedom នឹងត្រូវបានផ្អាកសម្រាប់ រយៈពេលខ្លី ដើម្បីសង្កេតមើលថាតើកិច្ចព្រមព្រៀងអាចនឹងត្រូវបានឈានដល់ និងចុះហត្ថលេខា ឬក៏យ៉ាងណា»។
គួរបញ្ជាក់ថា យោធាអាមេរិកបានដឹកនាំប្រតិបត្តិការបិទខ្ទប់ច្រកសមុទ្រ Hormuz ដើម្បីស្ទាក់ចាប់កប៉ាល់ដឹកប្រេងចេញចូលកំពង់ផែអ៉ីរ៉ង់ ក្នុងគោលបំណងដាក់សម្ពាធលើតេហេរ៉ង់ ឱ្យចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមដែលសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាអ្នកចាប់ផ្ដើមមុន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ ភាពតានតឹងជុំវិញប្រតិបត្តិការ Project Freedom បានកើតឡើងកាលពីថ្ងៃចន្ទដើមសប្ដាហ៍ ដោយសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានអះអាងពីការវាយប្រហារដាក់គ្នាទៅវិញទៅមកនៅក្នុងតំបន់ច្រកសមុទ្រ Hormuz។
កាលពីថ្ងៃអង្គារផងដែរ ប្រមុខការទូតអាមេរិក លោក Marco Rubio បាននិយាយថាការប៉ះទង្គិចគ្នាក្នុងតំបន់ច្រកសមុទ្រ Hormuz មិនមែនជាផ្នែកមួយនៃសង្រ្គាមតំបន់នោះទេ ហើយ វាក៏មិនមែនជាប្រតិបត្តិការវាយលុកនោះដែរ។ តាមលោកប្រមុខការទូតអាមេរិក ការបាញ់ប្រហារនឹងមិនកើតឡើងឡើយ លុះត្រាតែសហរដ្ឋអាមេរិករងការវាយប្រហារមុន៕




