បារាំងកោះប្រជុំ G7 ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ចំពោះធនធានរ៉ែសំខាន់ៗ (Video inside)
05-05-2026 22:05
(ប៉ារីស)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក រ៉ូឡង់ ឡេស៊ីឃ្យូ (Roland Lescure) បានប្រកាសកោះប្រជុំតាមអនឡាញនៃក្រុមប្រទេស G7 នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីមធ្យោបាយកាត់បន្ថយឥទ្ធិពលរបស់ប្រទេសចិន លើទីផ្សារធនធានរ៉ែសំខាន់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ឡេស៊ីឃ្យូ បានលើកឡើងថា ប្រទេសចិនបានក្តោបក្តាប់ចំណែកទីផ្សារយ៉ាងធំធេងតាមរយៈការវិនិយោគយ៉ាងសន្ធឹកសន្ធាប់ និងគោលនយោបាយតម្លៃ ដែលធ្វើឱ្យដៃគូប្រកួតប្រជែងដទៃទៀតជួបការលំបាក។ លោកបានសង្កត់ធ្ងន់ថា គម្រោងមួយរបស់ G7 គឺចង់បង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្វែងរកជម្រើសថ្មី និងកាត់បន្ថយការពឹងផ្អែកលើចិន ដូចអ្វីដែលទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ធ្លាប់បានធ្វើកាលពីទសវត្សរ៍ឆ្នាំ ១៩៧០ ដើម្បីទប់ទល់នឹងឥទ្ធិពលផ្ដាច់មុខរបស់អង្គការ OPEC ដែរ។
ស្របពេលជាមួយគ្នានេះ ប្រទេសបារាំងក៏បានបង្ហាញយុទ្ធសាស្ត្រពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់រ៉ែកម្រក្នុងស្រុករបស់ខ្លួន ដើម្បីបម្រើឱ្យការផលិតរថយន្តអគ្គិសនី ទួរប៊ីនខ្យល់ គ្រឿងអេឡិចត្រូនិក និងវិស័យការពារជាតិ។ នៅឆ្នាំ ២០៣០ បារាំងមានគោលដៅផលិតអុកស៊ីតរ៉ែកម្រឱ្យបាន ១០០ភាគរយនៃតម្រូវការអឺរ៉ុបសម្រាប់ប្រភេទរ៉ែធ្ងន់ និងប្រហែល ២៥ភាគរយសម្រាប់ប្រភេទរ៉ែស្រាល។ រដ្ឋាភិបាលបារាំងក៏គ្រោងនឹងផ្ដល់ការធានាលើគម្រោងយុទ្ធសាស្ត្រ បន្ធូរបន្ថយពន្ធ និងផ្ដល់មូលនិធិវិនិយោគបន្ថែម ដើម្បីជំរុញឧស្សាហកម្មបៃតងឱ្យកាន់តែរឹងមាំផងដែរ៕
