រដ្ឋមន្ត្រីការពារជាតិអាមេរិក ជំរុញឱ្យពិភពលោក «ចេញមុខទទួលខុសត្រូវ» លើបញ្ហាច្រកសមុទ្រហ័រមូស ខណៈអាមេរិកបន្តបិទខ្ទប់អ៊ីរ៉ង់ (Video inside)
05-05-2026 20:12
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ភីត ហេចសេត (Pete Hegseth) នាថ្ងៃចន្ទនេះបានបញ្ជាក់ថា វិធានការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់នៅតែបន្តអនុវត្តយ៉ាងតឹងរ៉ឹងបំផុត ខណៈលោកបានអំពាវនាវឱ្យបណ្តាប្រទេសនានាលើពិភពលោក «ចេញមុខទទួលខុសត្រូវ» ក្នុងការការពារសេរីភាពនាវាចរណ៍នៅច្រកសមុទ្រហ័រមូស។ លោកបានសង្កត់ធ្ងន់ថា បេសកកម្មរបស់អាមេរិកនៅតំបន់នោះគឺមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ។
លោក ហេចសេត បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថាជា «អ្នកបង្កជម្លោះយ៉ាងច្បាស់ក្រឡែត» តាមរយៈការយាយីនាវាស៊ីវិល គំរាមកំហែងនាវិក និងព្យាយាមប្រើប្រាស់ផ្លូវទឹកយុទ្ធសាស្ត្រនេះដើម្បីកេងចំណេញផ្នែកហិរញ្ញវត្ថុតាមរយៈការទារថ្លៃឆ្លងកាត់។ លោកបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ដែនទឹកអន្តរជាតិគឺជាកម្មសិទ្ធិរបស់គ្រប់ប្រជាជាតិទាំងអស់ មិនមែនស្ថិតក្រោមការគ្រប់គ្រង ឬអំណាចផ្ដាច់មុខរបស់អ៊ីរ៉ង់នោះឡើយ។
ពាក់ព័ន្ធនឹងបេសកកម្ម «Project Freedom» របស់អាមេរិក លោកបានរំលឹកដល់បណ្តាសម្ព័ន្ធមិត្តថា ពិភពលោកត្រូវការផ្លូវទឹកនេះខ្លាំងជាងសហរដ្ឋអាមេរិកទៅទៀត។ លោកបានសង្កត់ធ្ងន់ថា អាមេរិកកំពុងជួយស្តារស្ថិរភាពឱ្យចរន្តពាណិជ្ជកម្មអាចដំណើរការឡើងវិញ ប៉ុន្តែលោកសង្ឃឹមថាពិភពលោកនឹងចេញមុខមកទទួលខុសត្រូវក្នុងពេលឆាប់ៗ ខណៈដែលអាមេរិកនឹងប្រគល់ភារកិច្ចការពារនេះទៅឱ្យពួកគេវិញនាពេលខាងមុខ៕
