អ៊ីរ៉ាក់បញ្ចុះតម្លៃប្រេងឆៅយ៉ាងគំហុក សម្រាប់អ្នកដែលហ៊ានចូលទៅដឹកក្នុងច្រកសមុទ្រហ័រមូស (Video inside)
05-05-2026 19:21
(សិង្ហបុរី)៖ ប្រទេសអ៊ីរ៉ាក់ បានដាក់ចេញនូវការផ្ដល់ជូនពិសេសដោយបញ្ចុះតម្លៃប្រេងឆៅ Basrah យ៉ាងគំហុក សម្រាប់អ្នកទិញណាដែលយល់ព្រមចូលទៅដឹកជញ្ជូនដោយផ្ទាល់នៅខាងក្នុងច្រកសមុទ្រហ័រមូស ដែលបច្ចុប្បន្នកំពុងរងការបិទខ្ទប់ស្ទើរតែទាំងស្រុងដោយសារសង្គ្រាមនៅអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមឯកសារពីក្រុមហ៊ុនលក់ប្រេងរដ្ឋ SOMO អ៊ីរ៉ាក់បានផ្ដល់ការបញ្ចុះតម្លៃប្រេងឆៅប្រភេទ Basrah Medium រហូតដល់ ៣៣.៤០ដុល្លារ ក្នុងមួយធុង ធៀបនឹងតម្លៃលក់ផ្លូវការសម្រាប់ខែឧសភា។ ដោយឡែក ប្រេងឆៅប្រភេទ Basrah Heavy ក៏ត្រូវបានបញ្ចុះតម្លៃចំនួន ៣០ដុល្លារក្នុងមួយធុងផងដែរ។ ការបញ្ចុះតម្លៃដ៏មហិមានេះ បង្ហាញពីសម្ពាធកាន់តែខ្លាំងឡើងលើការនាំចេញប្រេងរបស់អ៊ីរ៉ាក់ ខណៈដែលហានិភ័យនៃការធ្វើនាវាចរណ៍តាមច្រកសមុទ្រដ៏សំខាន់មួយនេះ នៅតែបន្តកើតមានជាបញ្ហាប្រឈមដ៏ធំ។
យោងតាមទិន្នន័យពីស្ថាប័ន Kpler នៅក្នុងខែមេសាកន្លងទៅ មាននាវាត្រឹមតែ ២គ្រឿងប៉ុណ្ណោះដែលបានចូលដឹកប្រេងនៅកំពង់ផែបាសរ៉ា (Basrah) របស់អ៊ីរ៉ាក់ ខណៈដែលការនាំចេញប្រេងភាគច្រើនរបស់ប្រទេសនេះ គឺឆ្ពោះទៅកាន់ទីផ្សារអាស៊ី។ ការដែលអ៊ីរ៉ាក់សម្រេចចិត្តលក់ប្រេងក្នុងតម្លៃថោកបែបនេះ គឺដើម្បីទាក់ទាញអ្នកទិញឱ្យហ៊ានប្រថុយប្រថានចូលទៅក្នុងតំបន់គ្រោះថ្នាក់ ដើម្បីជួយសម្រួលដល់លំហូរនៃការនាំចេញថាមពលរបស់ខ្លួន ដែលជាប្រភពចំណូលដ៏សំខាន់របស់ជាតិ ចំពេលដែលពិភពលោកកំពុងជួបវិបត្តិថាមពល៕
