មុនថ្ងៃប្រារព្ធទិវាជ័យជម្នះ រុស្ស៉ីរឹតត្បិតការប្រើប្រាស់អ៉ីនធឺណេត ក្នុងទីក្រុងមូស្គូ
05-05-2026 16:20
(មូស្គូ)៖ រុស្ស៉ី បានផ្តាច់សេវាអ៉ីនធឺណិតតាមទូរស័ព្ទ សម្រាប់ប្រជាជនជាច្រើនក្នុងទីក្រុងមូស្គូ មុនការរៀបចំព្យុហយាត្រាថ្ងៃទី៩ ខែឧសភា ដើម្បីរំលឹកខួបជ័យជម្នះលើពួកណាស៉ីអាល្លឺម៉ង់ ក្នុងសម័យសង្រ្គាមលោកលើកទីពីរ ដោយសារតែការគំរាមកំហែងវាយប្រហារដ្រូនពីសំណាក់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦។
នៅឆ្នាំនេះ រុស្ស៉ីបានបិទសេវាអ៉ីនធឺណិត និងទូរស័ព្ទដៃ បង្ខំមនុស្សរាប់លាននាក់ឱ្យងាកទៅរកការប្រើប្រាស់ VPN។ តាមវិមានក្រឹមឡាំង ការដាក់កម្រិតលើការប្រើប្រាស់នេះ ត្រូវបានណែនាំដើម្បីធានាសន្តិសុខ ចំពេលមានហានិភ័យខ្ពស់នៃការវាយប្រហារ ដោយដ្រូនអ៊ុយក្រែន។
អ្នកយកព័ត៌មានរបស់ Reuters ចំនួន ៦នាក់ នៅទីក្រុងមូស្គូ បាននិយាយថា សេវាអ៉ីនធឺណេតនៅលើទូរស័ព្ទ មិនដំណើរការទេតាមតំបន់ផ្សេងៗនៃរដ្ឋធានី ប៉ុន្តែអាចទូរស័ព្ទចេញបានធម្មតា។
ប្រតិបត្តិករទូរស័ព្ទចល័តរុស្ស៉ី ទទួលស្គាល់ថា វាអាចមានបញ្ហាអ៉ីនធឺណិតនៅលើទូរស័ព្ទដៃ ដោយសារតែតម្រូវការធានាសុវត្ថិភាព ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕



