នាយករដ្ឋមន្រ្តីជប៉ុន៖ វិបត្តិប្រេង ប៉ះពាល់ខ្លាំងដល់អាស៉ីប៉ាស៉ីហ្វិក
04-05-2026 16:37
(Canberra, អូស្រ្តាលី)៖ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បាននិយាយនាថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ ថាការរំខានដល់ការផ្គត់ផ្គង់ប្រេងជាសកល កំពុងជះផលប៉ះពាល់យ៉ាងខ្លាំង ក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅឯទីក្រុង Canberra បន្ទាប់ពីជួបនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese លោកស្រី Takaichi បានប្រាប់ក្រុមអ្នកកាសែតថា «ការបិទច្រកសមុទ្រ Hormuz កំពុងជះឥទ្ធិពលខ្លាំងលើឥណ្ឌូប៉ាស៉ីហ្វិក។ ជប៉ុន និងអូស្ត្រាលី នឹងទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ក្នុងការឆ្លើយតបជាបន្ទាន់»។
ប្រហែលមួយភាគប្រាំនៃការដឹកជញ្ជូនប្រេង ចូលមកទីផ្សារពិភពលោក ជាធម្មតាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលត្រូវបានអ៉ីរ៉ង់រឹតត្បិត ក្រោយរងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ តាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា ៨០ភាគរយនៃប្រេងនោះ គឺសម្រាប់គោលដៅអាស៉ី៕


