FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យោធាអាមេរិក នឹងជួយផ្តល់ព័ត៌មានដល់កប៉ាល់ពាណិជ្ជកម្ម មិនមែនទៅអមដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz តែម្តងនោះទេ, នេះបើតាមសារព័ត៌មានអាមេរិក Axios

04-05-2026 15:12

(វ៉ាស៉ីនតោន)៖ ក្រោយសេចក្តីប្រកាសរបស់លោក ដូណាល់ ត្រាំ អំពីប្រតិបត្តិការជួយកប៉ាល់ពាណិជ្ជកម្មធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz សារព័ត៌មានអាមេរិក Axios ដោយផ្អែកលើប្រភពពីមន្រ្តីយោធាអាមេរិក២រូប បានរាយការណ៍ថា ប្រតិបត្តិការនោះ គឺមិនមែនមានន័យថា កងទ័ពជើងទឹកអាមេរិក នឹងចល័តនាវាទៅអមអំណើរតែម្តងឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦។

តាម Axios មន្រ្តីយោធាអាមេរិកទាំង២នាក់ បានប្រាប់ថា សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យកប៉ាល់ពាណិជ្ជកម្ម ​នូវព័ត៌មានស្តីពីគន្លងផ្លូវធ្វើដំណើរដែលប្រសើរបំផុត នៅក្នុងច្រកសមុទ្រ Hormuz ជាពិសេសគឺការប្រើប្រាស់គន្លងផ្លូវណា ដែលមិនត្រូវបានបង្កប់គ្រាប់មីនក្រោមផ្ទៃទឹក ដោយយោធាអ៉ីរ៉ង់។ ទន្ទឹមគ្នា នាវាចម្បាំងអាមេរិក នឹងមានវត្តមាននៅក្នុងបរិវេណក្បែរៗ ក្នុងករណីពួកគេត្រូវធ្វើសកម្មភាព ដើម្បីរារាំងយោធាអ៉ីរ៉ង់ពីការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្ម ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។

គួរបញ្ជាក់ថា ក្នុងសារបង្ហោះលើបណ្តាញសង្គម កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា លោក ត្រាំ ដោយមិនរៀបរាប់លម្អិតច្បាស់ បានប្រកាសថា យោធាអាមេរិក នឹងចាប់ផ្តើមជួយរំដោះកប៉ាល់រាប់រយគ្រឿង ដែលបានជាប់គាំងមិនអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់តាំងពីសង្រ្គាមមជ្ឈិមបូព៌ាផ្ទុះឡើង កាលពីចុងខែកុម្ភៈ។ លោក ត្រាំ បាននិយាយថា ប្រតិបត្តិការនេះហៅថា Project Freedom នឹងចាប់ផ្តើមនៅថ្ងៃចន្ទដើមសប្តាហ៍នេះ៕