បន្ទាប់ពី OPEC អេមីរ៉ាតអារ៉ាប់រួម សម្រេចចាកចេញពីអង្គការប្រទេសអារ៉ាប់នាំចេញប្រេង OAPEC (Video inside)
04-05-2026 14:21
(អាប៊ុយដាប៊ី)៖ ក្រោយប្រកាសចាកចេញពីអង្គការនៃប្រទេសនាំចេញប្រេង OPEC អេមីរ៉ាតអារ៉ាប់រួម (UAE) ក៏បានដកខ្លួនចេញពីអង្គការនៃក្រុមប្រទេសអារ៉ាប់ដែលនាំចេញប្រេង OAPEC ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦។
ដំណឹងខាងលើត្រូវបានបង្ហាញក្នុងសេចក្តីថ្លែងការណ៍របស់អង្គការ OAPEC ផ្ទាល់ ហើយវាកើតមានឡើង បន្ទាប់ពីសេចក្តីប្រកាសដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅនេះ របស់ UAE ស្តីពីការសម្រេចចិត្តចាកចេញពីអង្គការ OPEC និង OPEC+ ដើម្បីផ្តោតអាទិភាពទៅលើការបង្កើនទិន្នផលប្រេងរបស់ខ្លួនឯងផ្ទាល់។
អង្គការ OAPEC ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៦៨ ក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រទេសអារ៉ាប់ដែលនាំចេញប្រេង ប៉ុន្តែផ្ទុយពី OPEC សម្ព័ន្ធភាពនេះ មិនកំណត់គោលនយោបាយនៃការផលិតប្រេង សម្រាប់សមាជិកខ្លួនទេ។ UAE ជាប់ចំណាត់ថ្នាក់ជាអ្នកផលិតប្រេងធំលំដាប់ទី៤ នៅក្នុង OPEC។
គួរបញ្ជាក់ថា ការចាកចេញរបស់ UAE នឹងធ្វើឱ្យចុះខ្សោយការគ្រប់គ្រងរបស់ OPEC លើប្រេងផ្គត់ផ្គង់របស់ពិភពលោក ហើយពង្រីកភាពរកាំរកូសរវាង UAE និងអារ៉ាប៊ីសាអូឌីត ដែលជាមេដឹកនាំរបស់ OPEC និងជាអ្នកផលិតប្រេងធំជាងគេបង្អស់។ វាក៏នឹងផ្តល់សេរីភាពឱ្យ UAE បង្កើនទិន្នផលប្រេងរបស់ខ្លួនផងដែរ នៅពេលការនាំចេញតាមតំបន់ឈូងសមុទ្រអារ៉ាប់ បន្តឡើងវិញ ដ្បិត UAE នឹងលែងស្ថិតក្រោមការកំណត់ដោយកូតារបស់ OPEC ទៀតហើយ៕


