អូស្រ្តាលីនិងជប៉ុន ចុះកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពលនិងរ៉ែសំខាន់ៗ (Video inside)
04-05-2026 13:59
(កង់បេរ៉ា)៖ នាថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ អូស្រ្តាលីនិងជប៉ុន បានព្រមព្រៀងគ្នាធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់ស៉ីជម្រៅថែមទៀត ក្នុងវិស័យថាមពលនិងរ៉ែសំខាន់ៗ ស្របពេលដែលនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានជួបជាមួយសមភាគីអូស្រ្តាលី លោក Anthony Albanese អំឡុងទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅប្រទេសអូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រោយទើបចុះកិច្ចព្រមព្រៀងការពារជាតិសំខាន់មួយកាលពីខែមុន ឥឡូវប្រទេសទាំងពីរ បានឯកភាពគ្នាពង្រឹងកិច្ចសហការថាមពល ស្បៀងអាហារ និងខ្សែចង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ ថែមទៀត។ លោក Albanese បានលើកឡើងដូច្នេះថា «អូស្រ្តាលីនិងជប៉ុនកំពុងធ្វើសកម្មភាព ដើម្បីការពារសេដ្ឋកិច្ចរបស់ពួកយើង ពីផលរំខានក៏ដូចជាភាពមិនច្បាស់លាស់ នាពេលអនាគត។ តាមរយៈការធ្វើការរួមគ្នា យើងនឹងសម្រេចបានខ្សែចង្វាក់ផ្គត់ផ្គង់មានសុវត្ថិភាពនិងរឹងមាំ ដែលនឹងផ្តល់អត្ថប្រយោជន៍ចំពោះអាជីវកម្មនិងអ្នកប្រើប្រាស់នៅក្នុងប្រទេសអូស្រ្តាលីនិងប្រទេសជប៉ុន ទាំងនាពេលនេះ និងទៅថ្ងៃអនាគត»។
ប្រហែល១ភាគ៣នៃថាមពលដែលជប៉ុននាំចូល គឺមានប្រភពមកពីប្រទេសអូស្រ្តាលី ហើយអូស្រ្តាលី ជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ LNG ធំជាងគេបង្អស់របស់ជប៉ុន។ ប្រទេសទាំងពីរ សុទ្ធតែបាននិងកំពុងព្យាយាមពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ថាមពល ចំពោះមុខផលប៉ះពាល់ធ្ងន់ធ្ងរ ពីវិបត្តិជម្លោះនៅមជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា លោកស្រី Takaichi បានធ្វើដំណើរមកដល់អូស្រ្តាលី ក្រោយចេញពីប្រទេសវៀតណាម ជាទីដែលលោកស្រី បានពិភាក្សាអំពីវិស័យថាមពលនិងរ៉ែសំខាន់ៗ ហើយបានទទូចឱ្យក្រុមប្រទេសអាស៉ីអាគ្នេយ៍ ពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់។ ដោយឡែក កាលពីខែមេសាកន្លងទៅ ជប៉ុនបានចុះកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងតម្លៃ ១០ពាន់លានដុល្លារអូស្រ្តាលី (៧ពាន់លានដុល្លារអាមេរិក) ស្តីពីការផ្គត់ផ្គង់នាវាចម្បាំងឱ្យអូស្រ្តាលី៕


