FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិននិងហ្វីលីពីនចោទគ្នាទៅវិញទៅមក ជុំវិញតំបន់មានវិវាទនៅសមុទ្រចិនខាងត្បូង (Video inside)

04-05-2026 13:21

(ប៉េកាំង)៖ កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ ចិនបានចោទប្រកាន់ហ្វីលីពីនថា បានបញ្ជូនសមាជិកឆ្មាំសមុទ្រទៅដល់​លើតំបន់ថ្មប៉ប្រះទឹកមួយកន្លែង ដែលមានបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូង ខណៈទីក្រុងម៉ានីលបានគំរាមបញ្ជូននាវា ទៅបណ្តេញនាវារបស់ចិន ដែលខ្លួនចោទថា ធ្វើសកម្មភាពស្រាវជ្រាវដោយខុសច្បាប់ នៅក្នុងដែនទឹករបស់ប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការចោទប្រកាន់ទៅវិញទៅមកខាងលើនេះ គឺជាការបន្តភាពតានតឹងរវាងចិននិងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ជុំវិញតំបន់ថ្មប៉ប្រះទឹកតូចមួយនៅសមុទ្រចិនខាងត្បូង ហៅថា Sandy Cay។ កាលពីអាទិត្យ ឆ្មាំសមុទ្រចិនអះអាងថា ខ្លួនបានឃើញសមាជិកឆ្មាំសមុទ្រហ្វីលីពីន៥នាក់ ទៅដល់លើតំបន់ Sandy Cay ជាសកម្មភាពដែលទីក្រុងប៉េកាំងចាត់ទុកថា ខុសច្បាប់។

កាលពីពេលថ្មីៗនេះ ទីក្រុងម៉ានីលធ្លាប់និយាយថា ខ្លួនបានបញ្ជូនឆ្មាំសមុទ្រទៅតំបន់ Sandy Cay បន្ទាប់ពីមានសេចក្តីរាយការណ៍ថា សមាជិកឆ្មាំសមុទ្រចិនបានទៅដល់ទីនោះ ដោយមានកាន់ទង់ជាតិចិន។ រីឯកាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន បានអះអាងថា ទីក្រុងម៉ានីលបានឃើញនាវាចិន៤គ្រឿង ធ្វើសកម្មភាពដែលខ្លួនហៅថា ការស្រាវជ្រាវខុសច្បាប់នៅក្នុងដែនទឹករបស់ហ្វីលីពីន ហើយបានព្រមានថា នឹងដាក់ពង្រាយយន្តហោះរួមទាំងនាវា ដើម្បីបណ្តេញនាវាទាំងនោះ ចេញទៅវិញ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងហ្វីលីពីន បានស្ថិតក្នុងភាពល្អក់កករខ្លាំង ដោយសារតែបញ្ហាវិវាទទឹកដីនៅសមុទ្រចិនខាងត្បូង ហើយប៉ុន្មានឆ្នាំមកនេះ ភាគីទាំងពីរបានជួបហេតុការណ៍ប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ នៅទីនោះ៕