FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

WHO៖ មនុស្ស ៣នាក់ស្លាប់ដោយសារឆ្លងមេរោគ Hantavirus លើកប៉ាល់ទេសចរណ៍នៅមហាសមុទ្រ Atlantic (Video inside)

04-05-2026 10:17

(PRAIA, Cape Verde)៖ អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ ថាផ្ទុះករណីសង្ស័យឆ្លងមេរោគដ៏កម្រ Hantavirus នៅលើ កប៉ាល់ទេសចរណ៍មួយក្នុងតំបន់មហាសមុទ្រ Atlantic បានសម្លាប់មនុស្ស៣នាក់ និង៣នាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការផ្ទុះរាលដាលមេរោគខាងលើបានកើតឡើងនៅលើកប៉ាល់ឈ្មោះ MV Hondius ដែលធ្វើដំណើរចាកចេញពីទីក្រុង Ushuaia ប្រទេសអាហ្សង់ទីន ឆ្ពោះទៅកាន់ប្រទេសកាប់វែរ។ WHO បានប្រាប់ AFP ថាករណីមួយនៃការសង្ស័យឆ្លងមេរោគ Hantavirus ត្រូវបានបញ្ជាក់ក្នុងមន្ទីរពិសោធន៍ ខណៈមានការសង្ស័យលើការឆ្លងមេរោគនេះចំនួន៥ករណីបន្ថែមទៀត។ តាម WHO ក្នុងចំណោមអ្នកឆ្លងទាំង៦នាក់ មាន៣នាក់បានស្លាប់ និងម្នាក់កំពុងស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

Hantavirus ជាមេរោគដ៏កាចសាហាវមួយដែលចម្លងជំងឺតាមរយៈការប៉ះពាល់ទឹកនោម និងលាមករបស់សត្វកកេរដែលមានផ្ទុកមេរោគនេះ​ដូចជាសត្វកណ្ដុរ។ មេរោគនេះអាចបង្កជាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។ មេរោគនេះដែរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីភរិយារបស់អតីតតារាសម្ដែងអាមេរិក លោក Gene Hackman គឺលោកស្រី Betsy Arakawa បានស្លាប់ដោយសារឆ្លងមេរោគ Hantavirus នៅក្នុងរដ្ឋ New Mexico កាលពីឆ្នាំ២០២៥៕