FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក កោតសរសើរទំនាក់ទំនងរបស់តៃវ៉ាន់ជាមួយអេស្វាទីនី (Video inside)

04-05-2026 09:12

(តៃប៉ិ)៖ ក្រសួងការបរទេសអាមេរិក បាននិយាយថាតៃវ៉ាន់ជាដៃគូដ៏គួរឱ្យទុកចិត្ត និងមានសមត្ថភាពរបស់សហរដ្ឋអាមេរិក ហើយទំនាក់ទំនងជាសកលរបស់ទីក្រុងតៃប៉ិ ក្នុងនោះរួមមានទាំងជាមួយអេស្វាទីនីបានផ្ដល់ផលប្រយោជន៍ដ៏សំខាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានទៅដល់ប្រទេសអេស្វាទីនីក្នុងតំបន់អាហ្វ្រិកខាងត្បូង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្នុងដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពី កោះតៃវ៉ាន់បានបន្ទោសការដាក់សម្ពាធពីចិនដែលបានធ្វើឱ្យដំណើរទស្សនកិច្ចត្រូវបានគ្រោងទុកកាលពីខែមេសារបស់លោក Lai ត្រូវបានពន្យារពេល។ ចិនចាត់ទុកតៃវ៉ាន់ជាខេត្ត មួយរបស់ខ្លួនដែលគ្មានសិទ្ធិមានទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋនោះទេ ហើយជារឿយៗប៉េកាំងក៏តែងតែទទូចឱ្យបណ្ដាប្រទេសដទៃបញ្ឈប់រាល់ការទំនាក់ទំនងជាមួយតៃវ៉ាន់ផងដែរ។

អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអាមេរិក ដោយចង់សំដៅលើដំណើរទស្សនកិច្ចរបស់លោក Lai Ching-te ទៅកាន់អេស្វាទីន បានគូសបញ្ជាក់ថា «តៃវ៉ាន់ជាដៃគូ ដ៏គួរឱ្យទុកចិត្ត និងមានសមត្ថភាពរបស់សហរដ្ឋអាមេរិក ហើយទំនាក់ទំនងរបស់តៃវ៉ាន់នៅជុំវិញពិភពលោកបានផ្ដល់ផលប្រយោជន៍ដ៏សំខាន់ដល់ប្រជាជននៃប្រទេសទាំងនោះ ក្នុងនោះរួមមានទាំងអេស្វាទីនី»

គួរបញ្ជាក់ថា គ្រប់មេដឹកនាំតៃវ៉ាន់ដែលជាប់ឆ្នោតតែងតែធ្វើដំណើរទៅកាន់បណ្ដាប្រទេសដែលជាដៃគូការទូតរបស់ខ្លួន។ តួយ៉ាងអតីតមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen បានធ្វើទស្សនកិច្ចទៅកាន់អេស្វាទីន ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០២៥។ អេស្វាទីនីដែលជាប្រទេសកាន់របបរាជានិយមមានប្រជាជន ១,៣លាននាក់ គឺជាជាប្រទេសមួយ ស្ថិតក្នុងចំណោមប្រទេសចំនួន ១២ ដែលបន្តរក្សាទំនាក់ទំនងជាមួយតៃវ៉ាន់។ កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ លោក Lai Ching-te ក៏បានអញ្ជើញ ព្រះមហាក្សត្រអស្វាទីនី Mswati III យាងធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់សាជាថ្មីផងដែរ។

លោក Lai Ching-te ដំបូងឡើយមានគម្រោងធ្វើទស្សនកិច្ចទៅកាន់អេស្វាទីនីដើម្បីចូលរួមក្នុងពិធីខួបលើកទី៤០ នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រអេស្វាទីនី កាលពីខែមេសា៕