FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សភាអ៉ីតាលីផ្តល់ភ្លើងបៃតង ចំពោះគម្រោងបរិច្ចាគនាវាផ្ទុកយន្តហោះចម្បាំង ឱ្យទៅឥណ្ឌូណេស៉ី (Video inside)

29-04-2026 14:29

(រ៉ូម)៖ កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ សភានៃប្រទេសអ៉ីតាលី បានផ្តល់ការគាំទ្រចំពោះផែនការរដ្ឋាភិបាល ដែលសំដៅបរិច្ចាគនាវាផ្ទុកយន្តហោះចម្បាំងចាស់១គ្រឿង ឱ្យទៅប្រទេសឥណ្ឌូណេស៉ី ខណៈវាជាចំណាត់ការមួយ ដែលរដ្ឋាភិបាលទីក្រុងរ៉ូមនិយាយថា នឹងពង្រឹងទំនាក់ទំនងជាមួយទីក្រុងហ្សាការតា ហើយទន្ទឹមគ្នានោះ នឹងជួយសន្សំសំចៃថវិការាប់លានដុល្លារ ដែល​ត្រូវចំណាយទៅលើការរុះរើចោលនាវាដែលចូលនិវត្តន៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

នាវាផ្ទុកយន្តហោះចម្បាំង Garibaldi ដែលសព្វថ្ងៃមានតម្លៃខ្ទង់៥៤លានអឺរ៉ូ ឬ៦៣លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការផ្លូវការ ជាលើកដំបូង តាំងតែពីឆ្នាំ១៩៨៥។ នាវានេះបានចូលរួមធ្វើប្រតិបត្តិការចម្រុះជាច្រើន នៅតំបន់មេឌីទែរ៉ាណេ និងអាហ្រ្វិក ក្នុងនោះរួមមានទាំងបេសកកម្មនៅលីបង់ លីប៊ី និងស៉ូម៉ាលី។ ក្រោយមក វាត្រូវបានដាក់ឱ្យស្ថិតក្នុងស្ថានភាពបម្រុង កាលពីឆ្នាំ២០២៤។ រដ្ឋាភិបាលអ៉ីតាលី បាននិយាយថា អាយុកាលចំណាស់របស់នាវា Garibaldi គឺនាំឱ្យវាហួសសម័យ ដែលលែងស្របតាមលក្ខខណ្ឌស្តង់ដាបច្ចុប្បន្នទៀ​តហើយ។

របាយការណ៍សភាអ៉ីតាលី បាននិយាយថា ការផ្ទេរនាវាផ្ទុកយន្តហោះចម្បាំងខាងលើ ឱ្យទៅឥណ្ឌូណេស៉ី នឹងជួយអ៉ីតាលីសន្សំសំចៃ​ថ្លៃចំណាយលើការថែទាំ បានប្រមាណ៥លានអឺរ៉ូ ដែលគិតត្រឹមសម្រាប់តែឆ្នាំមុនប៉ុណ្ណោះ ឬជិត១៩លានអឺរ៉ូ ដែលចាំបាច់សម្រាប់ការរុះរើវាចោលទាំងស្រុង។ រីឯឥណ្ឌូណេស៉ីវិញ បាននិយាយថា ការទទួលយកនាវាផ្ទុកយន្តហោះចម្បាំង Garibaldi គឺចំណេញទាំងពេលនិងថវិកា ធៀបជាមួយការទិញនាវាថ្មី ហើយវាអាចប្រើប្រាស់មានប្រយោជន៍ ក្នុងកិច្ចប្រឹងប្រែងចែកចាយ​ជំនួយ នៅពេលមានគ្រោះមហន្តរាយ។ ទីក្រុងរ៉ូមគ្រោងសម្រេចឱ្យបានជាផ្លូវការ នូវការបរិច្ចាគនាវាផ្ទុកយន្តហោះចម្បាំងខាងលើ នៅត្រឹមខែធ្នូ ចុងឆ្នាំនេះ។

គួរបញ្ជាក់ថា វាគឺជាផ្នែកមួយ​នៃយុទ្ធសាស្រ្តរបស់អ៉ីតាលី ដើម្បីពង្រីកការធ្វើអាជីវកម្មជាមួយឥណ្ឌូណេស៉ី។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី Giorgia Meloni កំពុងព្យាយាមឈានឱ្យដល់កិច្ចព្រមព្រៀងលក់នាវាមុជទឹក និងយន្តហោះចម្បាំងឱ្យឥណ្ឌូណេស៉ី ដែលមានទំហំ​ទឹកប្រាក់១.៥ពាន់លានអឺរ៉ូ។ កាលពីឆ្នាំ២០២៥ ក្រុមហ៊ុនផលិតនាវាអ៉ីតាលី Fincantieri បានប្រគល់នាវាចម្បាំង២គ្រឿង ដល់កងទ័ពជើងទឹកឥណ្ឌូណេស៉ី ក្រោមកិច្ចព្រមព្រៀងតម្លៃ១.២ពាន់លានដុល្លារ៕