FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ាគីស្ថានបន្តខិតខំបង្រួញគម្លាតរវាងអាមេរិក និងអ៊ីរ៉ង់ ទោះបីកិច្ចចរចាដោយផ្ទាល់ជួបភាពបរាជ័យ (Video inside)

27-04-2026 19:44

(អ៊ីស្លាម៉ាបាដ)៖ ប្រទេសប៉ាគីស្ថានដែលដើរតួជាអ្នកសម្របសម្រួល បានអះអាងថា កិច្ចការងារបង្រួញគម្លាតនៃការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តធ្វើឡើង ទោះបីជាកិច្ចចរចាដោយផ្ទាល់បានទទួលបរាជ័យ បន្ទាប់ពីលោក ដូណាល់ ត្រាំ លុបចោលការបញ្ជូនប្រេសិតពិសេសរបស់លោកទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមប្រភពពីភាគីអ៊ីរ៉ង់ ទីក្រុងតេហេរ៉ង់បានដាក់សំណើចុងក្រោយដែលផ្តោតលើការបញ្ចប់សង្គ្រាម និងការដោះស្រាយបញ្ហាការធ្វើនាវាចរណ៍នៅតំបន់ឈូងសមុទ្រជាមុនសិន រួចទើបពិភាក្សាលើបញ្ហានុយក្លេអ៊ែរតាមក្រោយ។ ទោះជាយ៉ាងណា សំណើនេះទំនងជាមិនអាចធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនពេញចិត្តឡើយ ព្រោះលោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហានុយក្លេអ៊ែរត្រូវតែដោះស្រាយជាអាទិភាពបំផុត ដោយលោកសង្កត់ធ្ងន់ថា «ពួកគេមិនអាចមានអាវុធនុយក្លេអ៊ែរបានទេ បើមិនដូច្នោះទេ វាមិនមានមូលហេតុអ្វីដែលត្រូវជួបគ្នាឡើយ»។

ស្របពេលដែលក្តីសង្ឃឹមសន្តិភាពកំពុងថមថយ តម្លៃប្រេងឆៅពិភពលោកបានហក់ឡើងប្រមាណ ២,៥ភាគរយ ដល់ ១០៨ដុល្លារក្នុងមួយធុងនាថ្ងៃចន្ទនេះ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី បានធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ី ដើម្បីជួបជាមួយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ខណៈលោក ត្រាំ ក៏បានផ្ញើសារឌឺដងតាមទូរទស្សន៍ Fox News ថា ប្រសិនបើអ៊ីរ៉ង់ចង់ចរចា គឺអាចទូរស័ព្ទមកលោកបានគ្រប់ពេល ព្រោះអាមេរិកមានខ្សែទូរស័ព្ទសុវត្ថិភាពសម្រាប់ពួកគេជានិច្ច៕​