ចិនប្តេជ្ញាឆ្លើយតប ប្រសិនបើ EU ដាក់ឱ្យប្រើច្បាប់ «Made in Europe» (Video inside)
27-04-2026 16:54
(ប៉េកាំង)៖ ទីក្រុងប៉េកាំង បានរិះគន់ផែនការថ្មីរបស់សហភាពអឺរ៉ុប (EU) ដែលចង់ជំរុញវិស័យឧស្សាហកម្មប្លុក ឱ្យប្រកួតប្រជែងកាន់តែខ្លាំងជាមួយចិន ដោយសន្យាថានឹងចាត់វិធានការតបត ប្រសិនបើវាពិតជាត្រូវបានអនុវត្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦។
EU បានដាក់ចេញច្បាប់ «Made in Europe» កាលពីខែមីនា សម្រាប់ក្រុមហ៊ុនដែលព្យាយាមទទួលបានមូលនិធិ នៅក្នុងវិស័យយុទ្ធសាស្ត្រ រួមទាំងរថយន្ត បច្ចេកវិទ្យាបៃតង និងដែកថែប ដោយតម្រូវឱ្យក្រុមហ៊ុននានា បំពេញឱ្យបាននូវលក្ខខណ្ឌប្រើប្រាស់សមាសធាតុ ដែលផលិតនៅក្នុងសហភាពអឺរ៉ុប។
ផែនការនេះត្រូវបានផ្អាកអស់រយៈពេលច្រើនខែមកហើយ ដោយសារការជជែកវែកញែកលើវិធានការនានា។ វាគឺផ្នែកសំខាន់មួយនៃការជំរុញរបស់ EU ដើម្បីទទួលបានអត្ថប្រយោជន៍ពីប្រកួតប្រជែងឡើងវិញ កាត់បន្ថយការធ្លាក់ចុះនៃឧស្សាហកម្មរបស់ខ្លួន និងទប់ស្កាត់ការបាត់បង់ការងាររាប់រាប់ម៉ឺនកន្លែង។
ក្រសួងពាណិជ្ជកម្មចិន បានដាក់សេចក្តីអត្ថាធិប្បាយមួយ ទៅគណៈកម្មការអឺរ៉ុបកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយសម្តែងនូវក្តីបារម្ភខ្លាំងរបស់ចិន ទាក់ទងនឹងទង្វើដែលខ្លួនហៅថា «ការរើសអើងជាប្រព័ន្ធ»។ សេចក្តីអត្ថាធិប្បាយមានខ្លឹមសារថា «បើ EU បន្តជំរុញច្បាប់នេះ ហើយវាប៉ះពាល់ដល់ក្រុមហ៊ុនរបស់ចិន នោះចិនគ្មានជម្រើសអ្វីក្រៅពីចាត់វិធានការតបវិញ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃសហគ្រាសរបស់ខ្លួនឡើយ»៕



