សហរដ្ឋអាមេរិក បន្តសម្លាប់មនុស្ស៣នាក់ ក្នុងការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន (Video inside)
27-04-2026 10:30
(វ៉ាស៊ីនតោន)៖ យោធាសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថាមនុស្សប្រុស៣នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារលើទូកមួយគ្រឿងសង្ស័យថាបានចូលរួមក្នុង សកម្មភាពរត់ពន្ធគ្រឿងញៀន ក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាម AFP ការវាយប្រហារចុងក្រោយបំផុតខាងលើរបស់យោធាអាមេរិកបានធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងយុទ្ធនាការប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀនបានកើនដល់ ១៨៥នាក់។ ដូចគ្នាទៅនឹងការវាយប្រហារ នាពេលកន្លងមក ទីបញ្ជាការភូមិខាងត្បូងនៃយោធាអាមេរិក ឬហៅកាត់ថា SOUTHCOM បាននិយាយថាទូកដែលត្រូវបានវាយប្រហារត្រូវបានធ្វើប្រតិបត្តិការអង្គការភេរវករ ហើយព័ត៌មានចារកម្មបាន បញ្ជាក់យ៉ាងច្បាស់ថាទូកនោះបានចូលរួមក្នុងសកម្មភាពរត់ពន្ធគ្រឿងញៀន។
ចាប់តាំងពីបានបើកធ្វើយុទ្ធនាការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀនកាលពីខែកញ្ញា ឆ្នាំ២០២៥មក រដ្ឋបាលលោក ត្រាំ មិនបានបញ្ចេញភស្តុតាងបង្ហាញថាទូកដែលត្រូវបានវាយប្រហារពិតជាបាន ចូលរួមក្នុងសកម្មភាពរត់ពន្ធគ្រឿងញៀនប្រាកដមែនឬក៏យ៉ាងណានោះទេ? ការណ៍នេះបានបង្កឱ្យមានការជជែកវែកញែកពីភាពស្របច្បាប់នៃប្រតិបត្តិការរបស់យោធាអាមេរិក។ ក្រុមអ្នកជំនាញច្បាប់ និងអ្នកធ្វើការខាងសិទ្ធិមនុស្សបានរិះគន់ដោយលើកឡើងថាការវាយប្រហាររបស់យោធាអាមេរិកអាចត្រូវបានចាត់ទុកជាការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ពីព្រោះតែការវាយប្រហារទាំងនោះហាក់មាន កំណត់គោលដៅលើជនស៊ីវិលដែលមិនបានបង្កការគំរាមកំហែងភ្លាមៗដល់សហរដ្ឋអាមេរិកនោះទេ។
នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃអាទិត្យ SOUTHCOM បានបន្ថែមថាមិនមានយោធាអាមេរិកម្នាក់បានរងរបួសក្នុងពេលធ្វើប្រតិបត្តិការនោះឡើយ៕
