FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គុយបា ដោះស្រាយបញ្ហាថាមពលបានមួយរយៈពេលខ្លី បន្ទាប់ពីមានប្រេងរុស្ស៉ី (Video inside)

24-04-2026 11:49

(ឡាហាវ៉ាន)៖ ក្នុងសប្តាហ៍នេះ ប្រជាជនគុយបា ចាប់ផ្តើមទទួលបានប្រយោជន៍ពីប្រេងប្រមាណ ៧០០ ០០០បារ៉ែលរបស់រុស្ស៉ី ដែលអាចដោះស្រាយបានជាបណ្តោះអាសន្ន ចំពោះមុខបញ្ហាខ្វះខាតថាមពល ហើយវាគឺជាលំហូរប្រេងដំបូងទៅកាន់ប្រទេសនេះ ក្រោយការបិទខ្ទប់របស់សហរដ្ឋអាមេរិក កាលពីដើមឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦។

កប៉ាល់ដឹកប្រេង Anatoly Kolodkin ដោតទង់ជាតិរុស្ស៉ី បាននាំប្រេងឆៅប្រភេទ Ural របស់រុស្ស៉ី ចូលទៅគុយបា តាមឈូងសមុទ្រ Matanzas កាលពីចុងខែមីនា ហើយរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថាខ្លួនអនុញ្ញាតដល់កប៉ាល់នោះ ក្រោមហេតុផលមនុស្សធម៌។

តាមក្រុមមន្ត្រីគុយបា ​ប្រេងឆៅ​រុស្ស៉ីដែល​ចម្រាញ់ចេញ​ជា​ ​សាំង ម៉ាស៊ូត និង​ប្រេង​ឥន្ធនៈ ត្រូវបាន​យកចេញពី​រោងចក្រ​ចម្រាញ់​ប្រេង Cienfuegos របស់​គុយបា​ នា​ថ្ងៃទី១៧ ខែមេសា។ ប្រជាជនគុយបាជាច្រើនបាននិយាយថា ពួកគេមានអារម្មណ៍ធូរស្រាល ខណៈដែលការដាច់ចរន្តអគ្គិសនី បានថយចុះខ្លះ នៅក្នុងតំបន់មួយចំនួន។

យ៉ាងនេះក្តី រដ្ឋមន្រ្តីថាមពលគុយបា លោក Vicente de la O Levy បានព្រមានថា វាគ្រាន់តែអាចដោះស្រាយបញ្ហាបានបណ្តោះអាសន្នប៉ុណ្ណោះ។ រុស្ស៉ី​និយាយ​ថា ខ្លួន​កំពុង​រៀបចំ​ការបញ្ជូន​ប្រេងឥន្ធនៈ​ទៅ​​គុយបាទៀត ​ប៉ុន្តែ​មិន​ទាន់​បាន​ដឹកជញ្ជូន​​នៅ​ឡើយ​៕