ឥណ្ឌូណេស៉ី ទទួលបានការសន្យាផ្គត់ផ្គង់ប្រេង ១៥០លានបារ៉ែល ពីរុស្ស៉ី (Video inside)
24-04-2026 11:11
(ហ្សាការតា)៖ បេសកជនពិសេសឥណ្ឌូណេស៉ី ទទួលបន្ទុកថាមពល និងបរិស្ថាន លោក Hashim Djojohadikusumo បាននិយាយថា រុស្ស៊ីយល់ព្រមផ្គត់ផ្គង់ប្រេង ១៥០លានបារ៉ែលដល់ប្រទេសឥណ្ឌូណេស៉ី បន្ទាប់ពីដំណើរទស្សនកិច្ចនាពេលថ្មីៗរបស់លោកប្រធានាធិបតី Prabowo Subianto ទៅកាន់ទីក្រុងមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦។
ដូចប្រទេសជាច្រើនទៀត ឥណ្ឌូណេស៉ីក៏បានរងសម្ពាធពីការកើនឡើងនូវតម្លៃប្រេងជាសកល ដោយសារវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាផងដែរ ហើយកំពុងខិតខំស្វែងរកប្រភពផ្គត់ផ្គង់ជំនួស។ ប្រហែល ២៥ភាគរយនៃការនាំចូលប្រេងឆៅរបស់ឥណ្ឌូណេស៉ី គឺបានមកពីមជ្ឈិមបូព៌ា ឆ្លងកាត់ច្រកសមុទ្រ Hormuz។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Antara បានដកស្រង់សម្តីលោក Hashim ដែលនិយាយថា «ឥឡូវនេះ ឥណ្ឌូណេស៉ី ទទួលបានការប្តេជ្ញាចិត្តពីរដ្ឋាភិបាលរុស្ស៉ី។ យើងអាចនឹងមានប្រេងស្តុក ១៥០លានបារ៉ែល ដើម្បីដោះស្រាយបញ្ហាប្រែប្រួលសេដ្ឋកិច្ច»។ តាមលោក Hashim រុស្ស៉ីព្រមលក់ប្រេង ១០០លានបារ៉ែលក្នុងតម្លៃពិសេស ហើយនឹងបន្ថែម ៥០លានបារ៉ែលទៀត ប្រសិនបើឥណ្ឌូណេស៉ីត្រូវការនៅពេលក្រោយ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក Prabowo បានជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅឯវិមានក្រឹមឡាំង ជាទីដែលមេដឹកនាំទាំងពីរ បានពិភាក្សាអំពីការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តរុស្ស៉ី-ឥណ្ឌូណេស៉ី រួមទាំងនៅក្នុងវិស័យថាមពល៕



