FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS George H.W. Bush ទៅដល់តំបន់មជ្ឈិមបូព៌ា (Video inside)

24-04-2026 10:29

(វ៉ាស៊ីនតោន)៖ យោធាអាមេរិកបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ថានាវាផ្ទុកយន្ដហោះចម្បាំង USS George H.W. Bush បានធ្វើដំណើរទៅដល់ តំបន់មជ្ឈិមបូព៌ាហើយ ដែលនេះធ្វើឱ្យចំនួននាវាផ្ទុកយន្ដហោះចម្បាំងកំពុងធ្វើប្រតិបត្តិការក្នុងតំបន់កើនដល់៣គ្រឿង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកទទួលបន្ទុកលើតំបន់មជ្ឈិមបូព៌ា ឬហៅកាត់ថា CENTCOM នាវាផ្ទុកយន្ដហោះចម្បាំង USS Gerald R. Ford កំពុងធ្វើប្រតិបត្តិការក្នុងតំបន់សមុទ្រក្រហម កាលពីថ្ងៃព្រហស្បតិ៍ រីឯនាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln កំពុងធ្វើប្រតិបត្តិការក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។

USS Gerald R. Ford បានធ្វើដំណើរទៅកាន់ប្រទេសក្រូអាស៊ី សម្រាប់ការជួសជុលក្រោយមានអគ្គិភ័យឆាបឆេះនៅលើនាវានេះកាលពីថ្ងៃទី១២ ខែមីនា។ តែឥលូវ នាវាផ្ទុកយន្តហោះចម្បាំងធំជាងគេរបស់ពិភពលោកមួយនេះបានត្រឡប់មកធ្វើប្រតិបត្តិការវិញហើយ។

ការដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំងទី៣ ទៅកាន់មជ្ឈិមបូព៌ាធ្វើឡើងចំពេលលោក ដូណាល់ ត្រាំ ប្រកាសពន្យារបទឈប់បាញ់ជាមួយអ៉ីរ៉ង់ដោយគ្មានការកំណត់ តែភាពតានតឹងនៅតែមានជុំវិញការបិទខ្ទប់ច្រកសមុទ្រ Hormuz។ លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍បានចេញបញ្ជាឱ្យយោធាអាមេរិកបាញ់ម្ទេចទូកតូចរបស់អ៉ីរ៉ង់ដែល ធ្វើសកម្មភាពពង្រាយគ្រាប់មីនសមុទ្រក្នុងតំបន់ច្រកសមុទ្រដ៏សំខាន់មួយនេះ៕