FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ​ ច្រានចោលជម្រើសប្រើអាវុធនុយក្លេអ៊ែរ វាយប្រហារលើអ៉ីរ៉ង់ (Video inside)

24-04-2026 10:02

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលជម្រើសប្រើអាវុធនុយក្លេអ៊ែរវាយប្រហារលើអ៉ីរ៉ង់ បន្ទាប់ពីលោកធ្លាប់គំរាមទម្លាក់គ្រាប់បែកឱ្យអ៉ីរ៉ង់ វិលត្រឡប់ទៅរកយុគសម័យថ្ម និងកម្ទេចអារ្យធម៌អ៉ីរ៉ង់ទាំងមូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថាលោកនឹងមិនប្រើអាវុធនុយក្លេអ៊ែរទេ ហើយក៏មិនចាំបាច់ត្រូវតែប្រើនោះដែរ ក៏ព្រោះតែយោធាអាមេរិកបានកម្ទេចសមត្ថភាពយោធាអ៉ីរ៉ង់រួចទៅហើយ។ លោក ត្រាំ បន្ថែមថាអាវុធនុយក្លេអ៊ែរមិនគួរត្រូវបានអនុញ្ញាត ឱ្យប្រើប្រាស់ដោយនរណាម្នាក់នោះទេ។

លោក ត្រាំ កាលពីថ្ងៃទី៧ ខែមេសា បានគំរាមទម្លាក់គ្រាប់បែកកម្ទេចអារ្យធម៌អ៉ីរ៉ង់ទាំងមូល និងត្រឡប់ទៅរកយុគសម័យថ្ម។ ការគំរាមបែបនេះបានធ្វើឱ្យគេបារម្ភថាលោក ត្រាំ អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ តែមិនយូរប៉ុន្មាន លោក ត្រាំបានយល់ព្រមលើបទឈប់បាញ់ជាមួយអ៉ីរ៉ង់ ហើយក្រោយមកទៀតបានពន្យារបទឈប់បាញ់គ្មានដែនកំណត់ ជាមួយតេហេរ៉ង់។

អនុប្រធានាធិបតីអាមេរិក លោក JD Vance ក៏ធ្លាប់បានគំរាមដែរថាសហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចដើម្បីបង្កើនការខូចខាតដល់អ៉ីរ៉ង់ជាមួយការប្រើអាវុធមិនធ្លាប់បានប្រើពីមុនមក។ ប៉ុន្តែខាងសេតវិមានបានបញ្ជាក់ថាលោក JD Vance មិនមែនគំរាមពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះឡើយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលបានប្រើអាវុធនុយក្លេអ៊ែរក្នុងសង្រ្គាម ដោយកម្ទេចទីក្រុង Hiroshima និងទីក្រុង Nagasaki អំឡុងសង្រ្គាមលោកលើកទី២ ដោយសម្លាប់មនុស្សជាង ២១៤ ០០០នាក់៕