FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក នឹងអញ្ជើញលោក ពូទីន ចូលរួមកិច្ចប្រជុំកំពូល G20 (Video inside)

24-04-2026 09:28

(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ថាសហរដ្ឋអាមេរិកនឹងអញ្ជើញប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Miami ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថារូបលោកផ្ទាល់មិនប្រាកដឡើយថាលោក ពូទីន នឹងអញ្ជើញចូលរួម ឬក៏អត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការអញ្ជើញនេះអាចនឹងក្លាយជាការបន្ធូរបន្ថយសម្ពាធអន្តរជាតិដ៏ធំមួយលើលោក ពូទីន ដែលត្រូវបានមេដឹកនាំលោកខាងលិចមួយចំនួនធំមិនអើពើ លើកលែងតែលោក ត្រាំ ចាប់តាំងពីរុស្ស៉ីបើកធ្វើសង្រ្គាមលុកលុយចូលអ៊ុយក្រែនកាលពីឆ្នាំ២០២២មក។ សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៦នេះគឺជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅខែធ្នូខាងមុខក្នុងទីក្រុង Miami រដ្ឋ Florida។

មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោក ត្រាំ បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា «គ្រប់សមាជិក G20 ទាំងអស់នឹងទទួលបានការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ កម្រិតរដ្ឋមន្ត្រី និងកិច្ចប្រជុំកំពូលរបស់មេដឹកនាំ»។ នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មានម្នាក់ជុំវិញការអញ្ជើញលោក ពូទីន លោក ត្រាំ បានឆ្លើយថា​លោក មិនប្រាកដនោះទេថាលោក ពូទីន នឹងអញ្ជើញចូលរួមឬក៏អត់? ប៉ុន្តែ លោក ត្រាំបានបញ្ជាក់ថាលោកគាំទ្រការអញ្ជើញលោក ពូទីន ហើយវាជារឿងល្អប្រសិនបើ មេដឹកនាំរុស្ស៉ីពិតជាអញ្ជើញចូលរួមមែននោះ។

លោក ពូទីន បានខកខានចូលរួមកិច្ចប្រជុំកំពូល G20 ចាប់តាំងពីឆ្នាំ២០១៩ ដោយដំបូងឡើយការខកខាននេះបណ្ដាលមកពីវិបត្តិកូវី១៩ និងក្រោយមកដោយសារតែ សង្រ្គាមអ៊ុយក្រែន៕