FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ ប្រកាសថាលីបង់ និងអ៉ីស្រាអែល យល់ព្រមពន្យារបទឈប់បាញ់ ៣សប្ដាហ៍បន្ថែមទៀត (Video inside)

24-04-2026 09:03

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាអ៉ីស្រាអែល និងលីបង់បានយល់ព្រមពន្យារបទឈប់បាញ់រវាងអ៉ីស្រាអែល និងហេសបូឡា រយៈពេល៣សប្ដាហ៍បន្តទៀត បន្ទាប់ពីមានកិច្ចចរចានៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

លោក ត្រាំ បានឱ្យដឹងថាជំនួបរវាងឯកអគ្គរដ្ឋទូតអ៉ីស្រាអែល និងលីបង់នៅក្នុងសហរដ្ឋអាមេរិកបានប្រព្រឹត្តទៅដោយរលូន។ នេះជាកិច្ចប្រជុំកម្រិតខ្ពស់លើកទី២រវាង ប្រទេសទាំង២ចាប់តាំងពីសប្ដាហ៍មុនមក។ បទឈប់បាញ់រយៈពេល១០ថ្ងៃរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាដែលបានចូលជាធរមានកាលពីថ្ងៃសុក្រសប្ដាហ៍មុន នឹងត្រូវអស់សុពលភាពនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកកំពុង ធ្វើការជាមួយលីបង់ក្នុងគោលដៅជួយពួកគេការពារខ្លួនពីក្រុមហេសបូឡា»

លោក ត្រាំបន្ថែមថារូបលោកកំពុងទន្ទឹងរង់ចាំជួបជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីលីបង់ លោក Joseph Aoun ក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕