កូនប្រុសអតីតស្តេចសាហ៍អ៊ីរ៉ង់ អំពាវនាវឱ្យលោកខាងលិចជួយគាំទ្រក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ (Video inside)
23-04-2026 20:56
(ប៊ែរឡាំង)៖ លោក រ៉េសា ប៉ាហ្លាវី (Reza Pahlavi) ដែលជាបុត្រារបស់អតីតស្តេចសាហ៍ (Shah) នៃប្រទេសអ៊ីរ៉ង់ នាថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យបណ្តាប្រទេសលោកខាងលិច ចូលរួមក្នុងសង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់បច្ចុប្បន្ន ព្រមទាំងបានរិះគន់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានបដិសេធមិនជួបលោកក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងប៊ែរឡាំង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ប៉ាហ្លាវី ដែលមានព្រះបិតាត្រូវបានទម្លាក់ចេញពីអំណាចក្នុងបដិវត្តន៍ឆ្នាំ១៩៧៩ បានចោទប្រកាន់អឺរ៉ុបថាបានត្រឹមតែឈរមើល និងបណ្តោយឱ្យរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បន្តបង្ក្រាបយ៉ាងសាហាវឃោរឃៅលើការតវ៉ារបស់ប្រជាពលរដ្ឋ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់កាលពីចុងឆ្នាំមុន។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោកបានគូសបញ្ជាក់ថា «ការផ្លាស់ប្តូរប្រាកដជានឹងមកដល់ ប៉ុន្តែសំណួរពិតប្រាកដគឺថា តើនឹងមានជនជាតិអ៊ីរ៉ង់ប៉ុន្មាននាក់ទៀតដែលត្រូវបាត់បង់ជីវិត ខណៈដែលសហគមន៍ប្រជាធិបតេយ្យលោកខាងលិចគ្រាន់តែតាមដានមើលពីចម្ងាយ»។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលនៃការបង្ហាញខ្លួនជាសាធារណៈរបស់លោកនៅកណ្តាលទីក្រុងប៊ែរឡាំង ក៏មានការរៀបចំបាតុកម្មពីសំណាក់អ្នកគាំទ្រ និងអ្នកប្រឆាំងផងដែរ។ ជាការកត់សម្គាល់ បុគ្គលម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានជះវត្ថុរាវពណ៌ក្រហមទៅលើលោក ប៉ាហ្លាវី អំឡុងពេលនៃការជួបជុំនោះ៕
