FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: លោក ត្រាំ និយាយថា ស្អែកមន្ត្រីអាមេរិកនឹងទៅដល់ប៉ាគីស្ថានសម្រាប់ការចរចា, ព្រមានជាថ្មីថានឹងកម្ទេចហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ឱ្យខ្ទេច ប្រសិនបើគ្មានកិច្ចព្រមព្រៀង

19-04-2026 20:57

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ក្រុមអ្នកចរចារបស់លោកនឹងទៅដល់ប្រទេសប៉ាគីស្ថាននៅល្ងាចថ្ងៃចន្ទ​ (ស្អែក) នេះ ដើម្បីបន្តកិច្ចចរចាសន្តិភាព ខណៈលោកបានដាក់ឱសានវាទឱ្យអ៊ីរ៉ង់ទទួលយកកិច្ចព្រមព្រៀងជាដាច់ខាត បើមិនចង់ឱ្យហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសត្រូវបំផ្លាញចោល។

តាមរយៈការបង្ហោះសារលើបណ្តាញសង្គម លោក ត្រាំ បានព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិកនឹងវាយកម្ទេចរោងចក្រអគ្គិសនី និងស្ពានទាំងអស់នៅទូទាំងប្រទេសអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់បដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលលោកផ្តល់ឱ្យ។ លោកបានសង្កត់ធ្ងន់ថា លោកនឹងឈប់ធ្វើជា «មនុស្សចិត្តល្អ» តទៅទៀតហើយ ព្រោះលោកចាត់ទុកសកម្មភាពបាញ់ប្រហារលើនាវាបារាំង និងអង់គ្លេសនៅក្នុងច្រកសមុទ្រហ័រមូសកាលពីថ្ងៃសៅរ៍ គឺជាការរំលោភលើបទឈប់បាញ់ទាំងស្រុង។

ស្របពេលជាមួយគ្នា​ មេដឹកនាអាមេរិករូបនេះក៏បានឌឺដងដែរថា ការបិទច្រកសមុទ្រនេះបានធ្វើឱ្យអ៊ីរ៉ង់ខាតបង់ប្រាក់ ៥០០លានដុល្លារក្នុងមួយថ្ងៃ ខណៈអាមេរិកមិនរងផលប៉ះពាល់អ្វីឡើយ។ លោក​ ត្រាំ បានសង្កត់ធ្ងន់ទៀតថា កិច្ចព្រមព្រៀងសន្តិភាពនឹងត្រូវសម្រេចបានមិនថាដោយ «វិធីសម្របសម្រួល ឬវិធីបង្ខំ» នោះឡើយ ដើម្បីបញ្ចប់ «ម៉ាស៊ីនសម្លាប់មនុស្សរបស់អ៊ីរ៉ង់» ដែលបានអូសបន្លាយជិតកន្លះសតវត្សរ៍មកនេះ៕