មេទ័ពអាកាសអ៊ីរ៉ង់អះអាងថា សមត្ថភាពផលិតមីស៊ីល និងដ្រូនរបស់ខ្លួនកើនឡើងខ្លាំងជាងមុនពេលផ្ទុះសង្គ្រាម
19-04-2026 19:50
(តេហេរ៉ង់)៖ មេបញ្ជាការកងកម្លាំងអាកាសអវកាសនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានអះអាងនាថ្ងៃអាទិត្យថា បច្ចុប្បន្នប្រទេសអ៊ីរ៉ង់កំពុងធ្វើបច្ចុប្បន្នភាព និងបំពេញបន្ថែមនូវប្រព័ន្ធបាញ់បង្ហោះមីស៊ីល និងយន្តហោះដ្រូន ក្នុងល្បឿនលឿនជាងមុនពេលផ្ទុះសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ម៉ាជីដ មូសាវី (Majid Mousavi) មេបញ្ជាការកងកម្លាំងអាកាសអវកាស បានបញ្ជាក់ជំហរបែបនេះតាមរយៈវីដេអូមួយ ដែលបង្ហាញពីសកម្មភាពចុះត្រួតពិនិត្យមូលដ្ឋានមីស៊ីលក្រោមដី។ នៅក្នុងវីដេអូនោះ ក៏មានការបង្ហាញនូវឃ្លាំងផ្ទុកដ្រូន មីស៊ីល និងប្រព័ន្ធបាញ់បង្ហោះជាច្រើន រួមទាំងសកម្មភាពនៃការបាញ់សាកល្បងមីស៊ីលចេញពីដីផងដែរ ដើម្បីបង្ហាញពីភាពរឹងមាំនៃវិស័យការពារជាតិរបស់ខ្លួន។
ការលើកឡើងរបស់មេទ័ពអ៊ីរ៉ង់រូបនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ ក្នុងគោលបំណងកម្ទេច និងធ្វើឱ្យចុះខ្សោយនូវសមត្ថភាពវាយប្រហារដោយមីស៊ីលរបស់ទីក្រុងតេហេរ៉ង់។ ទោះជាយ៉ាងណា ការអះអាងនេះហាក់ចង់បង្ហាញថា យុទ្ធនាការយោធារបស់អាមេរិក និងអ៊ីស្រាអែល មិនបានរារាំងដល់សន្ទុះនៃការផលិត និងការត្រៀមលក្ខណៈសព្វាវុធរបស់អ៊ីរ៉ង់នោះឡើយ៕
