អឺរ៉ុបបារម្ភថា កិច្ចព្រមព្រៀងដ៏ប្រញាប់ប្រញាល់របស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ អាចបង្កផលវិបាកក្នុងរយៈពេលវែង
19-04-2026 19:37
(ប៉ារីស)៖ បណ្តាសម្ព័ន្ធមិត្តអឺរ៉ុបបានសម្តែងការព្រួយបារម្ភថា ក្រុមអ្នកចរចាអាមេរិកដែលខ្វះបទពិសោធន៍ កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងក្របខណ្ឌដ៏ប្រញាប់ប្រញាល់មួយជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីបង្កើនប្រជាប្រិយភាព ដែលសកម្មភាពនេះអាចនឹងធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញ ជាជាងការដោះស្រាយជម្លោះឱ្យបានពិតប្រាកដ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកការទូតអឺរ៉ុបជាន់ខ្ពស់ដែលមានបទពិសោធន៍លើសំណុំរឿងអ៊ីរ៉ង់ បានលើកឡើងថា ការបារម្ភធំបំផុតមិនមែនជាការមិនមានកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែវាគឺជាការសម្រេចបាននូវកិច្ចព្រមព្រៀងបឋមដ៏អាក្រក់មួយ ដែលអាចនឹងបង្កឱ្យមានបញ្ហាស្មុគស្មាញផ្នែកបច្ចេកទេស និងការជាប់គាំងក្នុងកិច្ចចរចានាពេលអនាគត។ ក្រុមសម្ព័ន្ធមិត្តបារម្ភថា ទីក្រុងវ៉ាស៊ីនតោនដែលចង់បានជ័យជម្នះផ្នែកការទូតឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងសម្រេចចិត្តលើកិច្ចព្រមព្រៀងលើផ្ទៃក្រឡា ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្ម ដោយមិនបានដោះស្រាយឫសគល់នៃបញ្ហាឱ្យបានហ្មត់ចត់។
ជាការឆ្លើយតបទៅនឹងការរិះគន់ខាងលើនេះ សេតវិមានបានច្រានចោលនូវក្តីបារម្ភទាំងនោះ ដោយអះអាងថា លោក ត្រាំ មានប្រវត្តិជោគជ័យរួចទៅហើយក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងដ៏ត្រឹមត្រូវសម្រាប់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យសេតវិមាន លោកស្រី អាណា ខេលលី (Anna Kelly) បានបញ្ជាក់ថា លោកប្រធានាធិបតីនឹងទទួលយកតែលទ្ធផលណាដែលផ្តល់ផលប្រយោជន៍ដល់ «អាមេរិកជាចម្បង» ប៉ុណ្ណោះ៕

