FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ារ៉ាតុងរ៉ូបូត៖ ការឆ្ពោះទៅរកគន្លងផ្លូវល្បឿនលឿននៃការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ចិន

18-04-2026 16:52

(ប៉េកាំង)៖ ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងរ៉ូបូតរូបរាងមនុស្សឆ្នាំ២០២៦ ដែលសហការរៀបចំដោយសាលារដ្ឋបាលក្រុងប៉េកាំង និងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាដើម នឹងប្រព្រឹត្តទៅនៅតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបច្ចេកវិទ្យា Yizhuang ទីក្រុងប៉េកាំងនៅថ្ងៃទី១៩ ខែមេសានេះ ដែលនឹងមានការចូលរួមពីក្រុមកីឡាកររ៉ូបូតចិននិងអន្តរជាតិជាង៧០ ក្រុម។ ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងដែលមានចម្ងាយប្រហែល២១ គីឡូម៉ែត្រអាចនិយាយបានថាជាការធ្វើតេស្តចំពោះភាពធន់របស់មនុស្សយើង ចំណែកនិយាយចំពោះរ៉ូបូតវិញ វាជាការធ្វើតេស្តចំពោះដែនកំណត់នៃប្រព័ន្ធបច្ចេកវិទ្យារ៉ូបូត។

ក្នុងនាមជាព្រឹត្តិការណ៍ប្រកួតពាក់កណ្តាលម៉ារ៉ាតុងរ៉ូបូតរូបរាងមនុស្សដំបូងគេលើពិភពលោក គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ វាមិនមែនស្ថិតនៅលើតែការបង្អួតគ្នា ខាងបច្ចេកវិទ្យារ៉ូបូត នោះទេ តែវាជាការជំរុញការប្រើប្រាស់រ៉ូបូតរូបរាងមនុស្សឱ្យបានកាន់តែទូលំទូលាយ និងពន្លឿនការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាជាមួយនឹងឧស្សាហកម្ម ដើម្បីឱ្យផលិតផលបញ្ញាសិប្បនិម្មិតបម្រើផលប្រយោជន៍ទាំងផ្នែកផលិតកម្មនិងជីវភាពរស់នៅឱ្យបានកាន់តែទូលំទូលាយ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ពិភពលោកដូចជា ម៉ូដែលធំ, រ៉ូបូតរូបរាងមនុស្ស, ការបរបើកដោយស្វ័យប្រវត្តិនិងផលិតកម្មវៃឆ្លាតជាដើម បានឈានចូលដំណាក់កាលស្ទុះងើបខ្លាំង។ ចំណែកប្រទេសចិនបានក្តាប់ជាប់ឱកាសនៃបដិវត្តន៍បច្ចេកវិទ្យាជាប្រវត្តិសាស្ត្រមួយនេះ ដោយបោះជំហានអភិវឌ្ឍន៍ពីដំណាក់កាលរៀនសូត្រ ពីបច្ចេកទេសរបស់គេ ដល់ការស្រាវជ្រាវបានសមិទ្ធផលថ្មីមួយចំនួនដោយឯករាជ្យម្ចាស់ការ រហូតដល់ការមានសន្ទុះអភិវឌ្ឍន៍ខ្លាំងក្នុងវិស័យបញ្ញាសិប្បនិម្មិត ដែលបានបង្កើតឡើងនូវ អេកូឡូស៊ីនៃបញ្ញាសិប្បនិម្មិតដែលមានភាពពេញលេញនិងរស់រវើកបំផុតលើពិភពលោក។ ដោយសារប្រទេសចិនបានប្រកាន់អាកប្បកិរិយាបើកទូលាយ ផ្តល់ផលប្រយោជន៍ជាទូទៅ និងចែករំលែកគ្នា ដូច្នេះប្រទេសជាច្រើនជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍តិចតួចបានចែករំលែកនូវសមិទ្ធផលថ្មីៗខាងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ចិន។
ទីផ្សារដ៏ធំមហាសាលនិងខ្សែច្រវាក់ផលិតកម្មដ៏ពេញលេញរបស់ប្រទេសចិន បានផ្តល់ជាលំហសហប្រតិបត្តិការនិងកម្លាំងចលករសម្រាប់ជំរុញកំណើននៃពិភពលោក ដែលបានជំរុញឱ្យ ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ចិនឈានចូលគន្លងផ្លូវល្បឿនលឿនយ៉ាងឆាប់រហ័ស។

ក្រៅពីនេះ ចិនបានរួមចំណែកយ៉ាងសកម្មនូវផែនការរបស់ខ្លួនសម្រាប់អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល ដោយផ្តួចផ្តើមឱ្យមានការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងផ្លូវសុចរិត ប្រកបដោយភាពបើកទូលាយនិងបរិយាប័ន្ន សុវត្ថិភាពនិងអាចគ្រប់គ្រងបាន ដែលជាកត្តាគន្លឹះសម្រាប់ជំរុញឱ្យមានការបង្កើតច្បាប់កំណត់អន្តរជាតិក្នុងវិស័យបញ្ញាសិប្បនិម្មិត ដែលកាន់តែស្មើភាពនិងសមហេតុផល។ កន្លងមក ប្រទេសសកលខាងត្បូង(បណ្តុំប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍តិចតួច) មានការពឹងផ្អែកយ៉ាងខ្លាំងលើ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់លោកខាងលិច ឯការងើបឡើងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ចិន បានបំបែកភាពផ្តាច់មុខខាងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់លោកខាងលិច ដែលធ្វើឱ្យមានតុល្យភាពរវាងទីផ្សារអាស៊ីនិងអឺរ៉ុប ពិសេសបានផ្តល់ឱកាសឱ្យប្រទេសកាន់តែច្រើនអាចចូលរួមក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងនោះបូករួមទាំង ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនផងដែរ។

ឧត្តមភាពនៃផលិតផលបញ្ញាសិប្បនិម្មិតរបស់ប្រទេសចិនបានរំលេចឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺស្រួលប្រើ មានតម្លៃថោកសមរម្យ មានសុវត្ថិភាពល្អ និងអាចប្រើប្រាស់បាន ជាទូទៅដែលបានបម្រើដល់គ្រប់វិស័យ ដូចជាសុខាភិបាល ស្បៀងអាហារ ឱកាសការងារ បរិស្ថាន ឧស្សាហកម្ម វប្បធម៌និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ល។ ពិសេសក្នុង វិស័យសុខាភិបាល បរិក្ខារវេសាស្ត្រដែលបំពាក់ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ចិនដែលមានតម្លៃថោកសមរម្យត្រូវបានប្រើប្រាស់នៅប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ពិសេសក្នុង ប្រទេសអាហ្វ្រិកដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។ លើសពីនេះ បច្ចេកវិទ្យាតភ្ជាប់ខួរក្បាល-កុំព្យូទ័រ(Brain-Computer Interface) ដែលជាគំហើញថ្មីក្នុងវិស័យសុខាភិបាល អាចតាមដានអាការោគនិងព្យាបាលជំងឺកម្រដូចជាជំងឺ ALS (ជំងឺស្វិតសាច់ដុំដោយសារប៉ះពាល់លើសរសៃប្រសាទបញ្ជាចលនា)ជាដើម ព្រមទាំងជំងឺស្លាប់មួយចំហៀងខ្លួន និងជំងឺ Parkinson ដែលជាជំងឺប្រព័ន្ធខួរក្បាលជាដើម។

ចំណែកវិស័យសន្តិសុខស្បៀងវិញ បរិក្ខារកសិកម្មវៃឆ្លាតរបស់ចិនបានជួយប្រទេសជាច្រើនឱ្យបង្កើនទិន្នផលស្បៀង និងកាត់បន្ថយការខូចខាត ដែលរួមចំណែកសំខាន់សម្រាប់ ការបន្ធូរបន្ថយភាពតានតឹងនៃបញ្ហាអត់ឃ្លាតនៅលើពិភពលោក។ តាមរយៈការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងរ៉ូបូតរូបរាងមនុស្សឆ្នាំ២០២៦ ជាឱកាសមួយសម្រាប់ ធ្វើតេស្តពីគុណភាព សុវត្ថិភាព ភាពចាស់ទុំនិងភាពអាចប្រើប្រាស់បាននៃផលិតផលរ៉ូបូតរូបរាងមនុស្សរបស់ចិន និងជាឱកាសមួយសម្រាប់ការផ្លាស់ប្តូរនិងរៀនសូត្រពី គ្នារវាងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ចិននិងបរទេស ដើម្បីជំរុញភាពរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

យើងអាចរំពឹងទុកបានថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលប្រកបដោយសុវត្ថិភាពនិងអាចគ្រប់គ្រងបាន ប្រាកដជានឹងរួមចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់ មនុស្សជាតិនាពេលអនាគត៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន