អូស្ត្រាលី និងជប៉ុន ចុះកិច្ចសន្យាដំណើរការកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ ៧ពាន់លានដុល្លារ (Video inside)
18-04-2026 13:54
(ស៊ីដនី)៖ ជប៉ុន នៅថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើកិច្ចសន្យា ដើម្បីចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀងមួយដែលនឹងផ្គត់ផ្គង់នាវាចម្បាំងទៅឱ្យ កងទ័ពជើងទឹកអូស្ត្រាលី នៅក្រោមក្របខណ្ឌនៃការពង្រីកសមត្ថភាពយោធារបស់ទីក្រុងកង់បេរ៉ា ក្នុងគោលដៅពង្រឹងសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួន ដើម្បីកំញើញទប់ទល់នឹងចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្រោមកិច្ចព្រមព្រៀងដែលត្រូវបានប្រកាសកាលពីឆ្នាំ២០២៥ និងជាកិច្ចព្រមព្រៀងលក់អាវុធធំជាងគេបំផុតមួយរបស់ជប៉ុនចាប់តាំងពីបានលុបចោលបម្រាមលក់អាវុធ ក្នុងឆ្នាំ២០១៤ និងសង្រ្គាមលោកលើកទី២មក អូស្ត្រាលីនឹងត្រូវចំណាយប្រាក់ ១០ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹង ៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១០ឆ្នាំ ដើម្បីទិញនាវាចម្បាំងមួយកងពីជប៉ុន។
តាមកិច្ចព្រមព្រៀងខាងលើដដែល ក្រុមហ៊ុនជប៉ុន Mitsubishi នឹងផ្គត់ផ្គង់ឱ្យកងទ័ពជើងទឹកអូស្ត្រាលីនូវនាវាចម្បាំងប្រភេទ Mogami ដែលត្រូវបានធ្វើបច្ចុប្បន្នភាពចំនួន ៣គ្រឿងដំបូង និងផលិតក្នុងប្រទេសជប៉ុនចាប់ពី២០២៩។ ចំណែក នាវាចម្បាំង៨គ្រឿងផ្សេងទៀតនឹងត្រូវបានសាងសង់ក្នុងប្រទេសអូស្ត្រាលី។
គួរបញ្ជាក់ថា អូស្ត្រាលីមានផែនការពង្រីកកងនាវាចម្បាំងរបស់ខ្លួនដែលឥលូវមាន ១១គ្រឿង ដល់២៦គ្រឿង ក្នុងពេលមួយទសវត្សរ៍ខាងមុខ។ ក្រុមហ៊ុន Mitsubishi បានយកឈ្នះលើក្រុមហ៊ុន Thyssenkrupp Marine Systems របស់អាល្លឺម៉ង់ ក្នុងការដេញថ្លៃផ្គត់ផ្គង់នាវាចម្បាំងឱ្យអូស្ត្រាលី៕



