BREAKING: អ៊ីរ៉ង់ ប្រកាសបើកច្រកសមុទ្រហ័រមូសឡើងវិញ ខណៈលោក ត្រាំ រំពឹងថាកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនឹងកើតមានឆាប់ៗ (Video inside)
17-04-2026 21:12
(អ៊ីស្លាម៉ាបាដ)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី (Abbas Araqchi) បានប្រកាសថា ច្រកសមុទ្រហ័រមូសត្រូវបានបើកឱ្យដំណើរការឡើងវិញហើយ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅប្រទេសលីបង់។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានបង្ហាញក្តីរំពឹងថា កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់នឹងលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗ ទោះបីជាពេលវេលាជាក់លាក់នៅមិនទាន់ច្បាស់លាស់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X លោក អារ៉ាក់ជី បានបញ្ជាក់ថា ច្រកសមុទ្រនេះត្រូវបានបើកសម្រាប់នាវាពាណិជ្ជកម្មទាំងអស់ ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេល ១០ថ្ងៃរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡា ដោយការធ្វើនាវាចរណ៍ត្រូវគោរពតាមគន្លងផ្លូវដែលកំណត់ដោយអាជ្ញាធរដែនសមុទ្រអ៊ីរ៉ង់។
គួរបញ្ជាក់ថា ការប្រកាសនេះបានធ្វើឱ្យតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិធ្លាក់ចុះប្រមាណ ៩ភាគរយភ្លាមៗ ដែលជាសញ្ញាវិជ្ជមានមួយ ខណៈកន្លងមកការបិទខ្ទប់ច្រកសមុទ្រដ៏សំខាន់នេះបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល និងការផ្គត់ផ្គង់ថាមពលពិភពលោក។ ទន្ទឹមគ្នានេះ សង្គ្រាមដែលបង្កឡើងដោយការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ក៏បានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ និងបង្កអស្ថិរភាពយ៉ាងធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ាផងដែរ៕

