បារាំង និងអង់គ្លេសដឹកនាំកិច្ចប្រជុំស្តីពីបេសកកម្មបើកច្រកសមុទ្រហ័រមូសឡើងវិញ ក្រោយបញ្ចប់សង្គ្រាម
17-04-2026 20:51
(ប៉ារីស)៖ ប្រទេសបារាំង និងអង់គ្លេស នាថ្ងៃសុក្រ បានដឹកនាំកិច្ចប្រជុំមួយដែលមានការចូលរួមពីតំណាងប្រទេសចំនួន ៤០ ដើម្បីបង្ហាញជំហរដល់សហរដ្ឋអាមេរិកថា សម្ព័ន្ធមិត្តរបស់ខ្លួនបានត្រៀមខ្លួនរួចរាល់ ក្នុងការជួយស្តារសេរីភាពនាវាចរណ៍នៅច្រកសមុទ្រហ័រមូសឡើងវិញ នៅពេលដែលស្ថានភាពអនុញ្ញាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបិទខ្ទប់ច្រកសមុទ្រដ៏សំខាន់នេះ តាំងពីមានការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលកាលពីចុងខែកុម្ភៈ។ កន្លងមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានរិះគន់សម្ព័ន្ធមិត្តយ៉ាងខ្លាំងដែលបដិសេធមិនចូលរួមបិទខ្ទប់កំពង់ផែអ៊ីរ៉ង់។ ជាការឆ្លើយតប អង់គ្លេស និងបារាំងបានអះអាងថា ការចូលរួមក្នុងសកម្មភាពបិទខ្ទប់នេះ គឺស្មើនឹងការលូកដៃចូលធ្វើសង្គ្រាមដោយផ្ទាល់។
ផ្ទុយទៅវិញ សម្ព័ន្ធមិត្តទាំងនេះមានបំណងជួយបើកច្រកសមុទ្រនេះឡើងវិញ តែក្នុងលក្ខខណ្ឌដែលមានបទឈប់បាញ់យូរអង្វែង ឬសង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុងប៉ុណ្ណោះ។ ទោះបីជាគំនិតផ្តួចផ្តើមនេះមិនទាន់រួមបញ្ចូលអាមេរិក និងអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែអ្នកការទូតអឺរ៉ុបបានបញ្ជាក់ថា រាល់ប្រតិបត្តិការជាក់ស្តែងចាំបាច់ត្រូវតែមានការសម្របសម្រួលពីភាគីទាំងពីរ ហើយទីក្រុងវ៉ាស៊ីនតោនក៏នឹងទទួលបានរបាយការណ៍លម្អិតពីលទ្ធផលនៃជំនួបនេះផងដែរ៕

