ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់
17-04-2026 19:44
(ពោធិ៍សាត់)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខេត្តពោធិ៍សាត់បានស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកកម្សាន្តតាមតំបន់នានាទូទាំងខេត្ត។
យោងតាមរបាយការណ៍ ពីមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ក្នុងរយៈពេល ៣ថ្ងៃនេះ ខេត្តទទួលបានភ្ញៀវទេសចរ សរុបចំនួន១៦៥,៨២៩នាក់ ក្នុងនោះទេសចរជាតិ ១៦៥,៨១២នាក់ និងទេសចរបរទេស ១៧នាក់។ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៥ ដែលមានចំនួន១៧៤,៤១៧នាក់ ឃើញថាចំនួនភ្ញៀវទេសចរមានការថយចុះប្រមាណ ៤.៩២%។
មូលហេតុនៃការថយចុះបន្តិចបន្តួច នៃចំនួនភ្ញៀវទេសចរក្នុងឆ្នាំនេះ គឺដោយសារការអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាល ចំពោះបណ្តាខេត្តដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ ជាពិសេសតំបន់ដែលមានបញ្ហាព្រំដែនសេសសល់។ ការណែនាំនេះ តម្រូវឱ្យមានការកាត់បន្ថយការរៀបចំកម្មវិធីសង្ក្រាន្តខ្នាតធំ ឬអធិកអធមខ្លាំងពេក ដើម្បីរក្សានូវស្ថិរភាព សន្តិសុខ និងបញ្ចៀសនូវរាល់បាតុភាពអសកម្មនានា ដែលអាចកើតមានឡើងជាយថាហេតុ នៅតាមតំបន់ខ្សែបន្ទាត់ព្រំដែន។
ទោះបីជាមានការកាត់បន្ថយទំហំនៃកម្មវិធីសង្ក្រាន្ត នៅតំបន់មួយចំនួន ប៉ុន្តែតំបន់រមណីយដ្ឋាន និងទីតាំងវប្បធម៌សំខាន់ៗនៅតែទាក់ទាញភ្ញៀវយ៉ាងច្រើន ដូចជា៖ បុរីវប្បធម៌កោះសំពៅមាស, ទឹកធ្លាក់ច្រកល្អៀង, បូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ, សង្ក្រាន្តវត្តបាកាន និងរមណីយដ្ឋានកម្សាន្តធម្មជាតិនានា ក្នុងស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង។
ពាក់ព័ន្ធនឹងការធានាសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាជ្ញាធរខេត្តពោធិ៍សាត់ បានសហការយ៉ាងជិតស្និទ្ធ ជាមួយកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយបាន៖
*ដាក់ពង្រាយកម្លាំងការពារយ៉ាងតឹងរ៉ឹង នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗ។
*ការសម្រួលចរាចរណ៍ត្រូវបានធ្វើឡើងយ៉ាងសកម្ម ដែលធ្វើឱ្យការធ្វើដំណើររបស់បងប្អូនមានភាពរលូន និងកាត់បន្ថយគ្រោះថ្នាក់។
*មន្ទីរជំនាញបានចុះអប់រំផ្សព្វផ្សាយ ដល់អាជីវករ និងភ្ញៀវទេសចរ ឱ្យរក្សាអនាម័យបរិស្ថាន បានយ៉ាងល្អប្រសើរ។
ជារួម ពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងខេត្តពោធិ៍សាត់ឆ្នាំនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសយ៉ាងស្និទ្ធស្នាល សប្បាយរីករាយ និងមានសុវត្ថិភាពខ្ពស់បំផុតសម្រាប់ភ្ញៀវទេសចរគ្រប់រូប៕


















































