FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ រំពឹងថាសង្គ្រាមនៅអ៊ីរ៉ង់នឹងបញ្ចប់ឆាប់ៗ,​​ លោកអាចនឹងទៅអ៊ីស្លាម៉ាបាដសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ

17-04-2026 19:36

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមនៅប្រទេសអ៊ីរ៉ង់អាចនឹងសម្រេចបានក្នុងពេលឆាប់ៗនេះ ទោះបីជាពេលវេលាជាក់លាក់នៅមិនទាន់ច្បាស់លាស់ក៏ដោយ ខណៈដែលក្រុមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកកំពុងជួបប្រជុំគ្នានៅថ្ងៃសុក្រ ដើម្បីពិភាក្សាពីការបើកដំណើរការច្រកសមុទ្រហ័រមូសឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានបញ្ជាក់ថា បទឈប់បាញ់រយៈពេលពីរសប្តាហ៍ដែលអាចនឹងផុតកំណត់នៅសប្តាហ៍ក្រោយ អាចនឹងត្រូវពន្យារពេល ប៉ុន្តែលោកជឿជាក់ថាមិនមានភាពចាំបាច់នោះទេ ដោយសារទីក្រុងតេហេរ៉ង់ចង់បានកិច្ចព្រមព្រៀងនេះខ្លាំងណាស់។

ប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អាមេរិកកំពុងខិតជិតដល់ការសម្រេចបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ហើយប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅរដ្ឋធានីអ៊ីស្លាម៉ាបាដ នៃប្រទេសប៉ាគីស្ថាន លោកក៏អាចនឹងធ្វើដំណើរទៅទីនោះផងដែរ។ ទោះជាយ៉ាងណា ប្រភពពីភាគីអ៊ីរ៉ង់បានប្រាប់ Reuters ថា នៅតែមានបញ្ហាចម្រូងចម្រាសមួយចំនួនដែលត្រូវដោះស្រាយ មុនពេលឈានដល់កិច្ចព្រមព្រៀងបឋម។

គួរបញ្ជាក់ថា ជុំវិញបញ្ហានេះ វិធានការសន្តិសុខនៅរដ្ឋធានីអ៊ីស្លាម៉ាបាដ ដែលជាទីតាំងរៀបចំកិច្ចចរចាកាលពីចុងសប្តាហ៍មុន ត្រូវបានពង្រឹងឡើងវិញ ដោយមានវត្តមានកងទ័ពដាក់ពង្រាយនៅតាមដងផ្លូវនាថ្ងៃសុក្រនេះ៕