អឺរ៉ុបប្រកាសឈប់ប្រើ WhatsApp និង Signal របស់អាមេរិក ដោយងាកទៅប្រើកម្មវិធីផ្ញើសារផ្ទាល់ខ្លួនជំនួសវិញ ដើម្បីពង្រឹងសន្តិសុខជាតិ និងឯកជនភាព
17-04-2026 16:59
(បរទេស)៖ បណ្ដាប្រទេសមហាអំណាចនៅអឺរ៉ុប រួមមានបារាំង អាល្លឺម៉ង់ ប៉ូឡូញ ហូឡង់ លុចសំបួ និងបែលហ្ស៊ិក បានចាប់ផ្ដើមអនុវត្តវិធានការដកកម្មវិធីផ្ញើសារល្បីៗដូចជា WhatsApp និង Signal ចេញពីប្រព័ន្ធទំនាក់ទំនងការងារផ្លូវការរបស់ខ្លួន។ ចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ធ្វើឡើងក្នុងគោលបំណងបញ្ឈប់មន្ត្រីរាជការ និងបុគ្គលិកជាន់ខ្ពស់មិនឱ្យប្រើប្រាស់កម្មវិធីស៊ីវិលសម្រាប់ការបញ្ជូនព័ត៌មានសម្ងាត់ ប៉ុន្តែត្រូវងាកមកប្រើប្រាស់កម្មវិធី «ក្នុងស្រុក» ដែលរដ្ឋាភិបាលអាចគ្រប់គ្រងបានទាំងស្រុងវិញ។
មូលហេតុចម្បងដែលនាំឱ្យមានការផ្លាស់ប្តូរនេះ គឺដោយសារតែការបារម្ភពី «អធិបតេយ្យភាពទិន្នន័យ» និងការភ័យខ្លាចថា អឺរ៉ុបកំពុងពឹងផ្អែកខ្លាំងពេកលើបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។ ទោះបីជាកម្មវិធីដូចជា WhatsApp និង Signal មានប្រព័ន្ធសុវត្ថិភាពការសម្ងាត់ (Encryption) ខ្លាំងក៏ដោយ ប៉ុន្តែរដ្ឋាភិបាលអឺរ៉ុបយល់ឃើញថា ពួកគេមិនមានសិទ្ធិគ្រប់គ្រងលើទិន្នន័យមេតា (Metadata) ឬកន្លែងផ្ទុកទិន្នន័យ ដែលអាចធ្វើឱ្យមានហានិភ័យនៃការលួចស្ដាប់ពីសំណាក់ភ្នាក់ងារបរទេស។ ជាឧទាហរណ៍ ប្រទេសបែលហ្ស៊ិកបានដាក់ឱ្យប្រើប្រាស់កម្មវិធីថ្មីឈ្មោះថា «BEAM» សម្រាប់មន្ត្រីសហព័ន្ធ និងនាយករដ្ឋមន្ត្រីប្រើប្រាស់ ដែលវាមានមុខងារដូច WhatsApp តែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋទាំងស្រុង។
មិនត្រឹមតែថ្នាក់ជាតិប៉ុណ្ណោះទេ សូម្បីតែអង្គការសម្ព័ន្ធភាពការពារជាតិ NATO ក៏បានបង្កើតកម្មវិធីផ្ញើសារផ្ទាល់ខ្លួន (NI2CE Messenger) ដែលប្រើប្រាស់ស្ដង់ដារ Matrix ដើម្បីធានាថា ការទំនាក់ទំនងយោធាមានភាពឯករាជ្យ។ ទន្ទឹមនឹងនេះគណៈកម្មការអឺរ៉ុប (European Commission) ក៏មានផែនការផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងផ្ទាល់ខ្លួនឱ្យបានមុនដំណាច់ឆ្នាំ ២០២៦ នេះផងដែរ ដើម្បីជៀសវាងការប្រើប្រាស់បច្ចេកវិទ្យាដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក។
ការស្វែងរកជម្រើសថ្មីនេះ គឺជាផ្នែកមួយនៃមហិច្ឆតារបស់អឺរ៉ុបក្នុងការទទួលបាន «ឯករាជ្យភាពឌីជីថល»។ ការណ៍នេះកើតឡើងបន្ទាប់ពីមានព្រឹត្តិការណ៍លេចធ្លាយព័ត៌មាន និងការវាយប្រហារសាយប័រជាបន្តបន្ទាប់ ដែលធ្វើឱ្យមន្ត្រីអឺរ៉ុបយល់ច្បាស់ថា ការប្រើប្រាស់កម្មវិធីសម្រាប់មនុស្សទូទៅ (Consumer Apps) ក្នុងកិច្ចការងាររដ្ឋ គឺជាហានិភ័យដ៏ធំមួយ។ ការផ្លាស់ប្តូរនេះមិនត្រឹមតែពង្រឹងសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាមួយផ្ញើទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា អឺរ៉ុបលែងចង់ពឹងផ្អែកលើបច្ចេកវិទ្យាអាមេរិកក្នុងវិស័យយុទ្ធសាស្ត្រទៀតហើយ។
ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីមានការព្រមានពីទីភ្នាក់ងារសន្តិសុខសាយប័ររាប់សិប ដែលបានអះអាងថាក្រុមល្មើសច្បាប់រុស្ស៊ីកំពុងកំណត់គោលដៅមន្រ្តីនយោបាយ និងរដ្ឋាភិបាលនៅលើកម្មវិធីផ្ញើសារទាំងនេះ តាមរយៈការវាយប្រហារបន្លំខ្លួនកម្រិតខ្ពស់។ នៅទីក្រុងព្រុចសែល គណៈកម្មការអឺរ៉ុបត្រូវបានប្រាប់ឱ្យបិទក្រុម Signal របស់មន្រ្តីជាន់ខ្ពស់មួយចំនួន ដោយសារតែការភ័យខ្លាចនៃការលួចចូល។
តាមពិតទៅ នៅអឺរ៉ុបគឺមានកម្មវិធីផ្ញើសារដែលជារបស់រដ្ឋ ឬក្នុងស្រុកមានដូចជា៖
- បារាំង (Tchap)៖ បារាំងបានបង្កើតកម្មវិធី Tchap ដែលបង្កើតឡើងដោយ DINUM (អគ្គនាយកដ្ឋានឌីជីថលអន្តរក្រសួងបារាំង) និងត្រួតពិនិត្យដោយ ANSSI (ទីភ្នាក់ងារសន្តិសុខប្រព័ន្ធព័ត៌មានជាតិបារាំង)។ Tchap ត្រូវបានបង្កើតឡើងនៅលើ Matrix protocol ដែលជាពិធីការបើកចំហ និងវិមជ្ឈការ។ កម្មវិធីនេះត្រូវបានប្រើប្រាស់ដោយមន្រ្តីសាធារណៈជាង ៦០០,០០០ នាក់។
- អាល្លឺម៉ង់ (BundesMessenger និង BwMessenger)៖ អាល្លឺម៉ង់បានបង្កើត BundesMessenger សម្រាប់រដ្ឋបាលសាធារណៈ និង BwMessenger សម្រាប់កងទ័ព (Bundeswehr)។ កម្មវិធីទាំងពីរនេះក៏ផ្អែកលើ Matrix protocol ដែរ ហើយទិន្នន័យទាំងអស់ត្រូវបានរក្សាទុកនៅលើម៉ាស៊ីនមេដែលមានសុវត្ថិភាពរបស់រដ្ឋាភិបាលអាល្លឺម៉ង់។
- ប៉ូឡូញ (mSzyfr)៖ ប៉ូឡូញបានបង្កើតកម្មវិធី mSzyfr ដោយក្រសួងឌីជីថល រួមជាមួយវិទ្យាស្ថាន NASK។ mSzyfr គឺជាឧបករណ៍ដែលមានអធិបតេយ្យភាព ១០០% ដោយផ្អែកលើហេដ្ឋារចនាសម្ព័ន្ធ និងកូដប្រភពរបស់ប៉ូឡូញ។ កម្មវិធីនេះផ្តល់នូវការអ៊ិនគ្រីបពីចុងដល់ចុង (end-to-end encryption) និងគ្រីបតូក្រាមកម្រិតខ្ពស់។ បច្ចុប្បន្ននេះ មន្រ្តីរដ្ឋាភិបាល ប៉ូលីស និងសេវាកម្មសន្តិសុខប្រហែល ១,០០០ នាក់កំពុងសាកល្បងប្រើប្រាស់ mSzyfr។
- បែលហ្សិក (BEAM)៖ បែលហ្សិកទើបតែបានដាក់ចេញនូវកម្មវិធី BEAM នៅក្នុងខែមីនា ឆ្នាំ ២០២៦។ BEAM ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋគឺ Belgian Secure Communications (BSC)។ កម្មវិធីនេះនឹងត្រូវប្រើប្រាស់ដោយបុគ្គលិកសាធារណៈ និងយោធាប្រហែល ៧៥០,០០០ នាក់។ ការចូលប្រើប្រាស់កម្មវិធីនេះត្រូវបានកំណត់ចំពោះអ្នកប្រើប្រាស់ដែលបានផ្ទៀងផ្ទាត់ប៉ុណ្ណោះ ដែលជួយកាត់បន្ថយហានិភ័យនៃការវាយប្រហារបន្លំខ្លួន (phishing)។
- លុចសំបួ (Luxchat4Gov)៖ Luxchat4Gov គឺជាសេវាកម្មផ្ញើសារភ្លាមៗប្រកបដោយវិជ្ជាជីវៈសម្រាប់បុគ្គលិកផ្នែកសាធារណៈ ដែលផ្តល់ដោយរដ្ឋលុចសំបួ។ កម្មវិធីនេះត្រូវបានដំណើរការនៅក្នុងមជ្ឈមណ្ឌលទិន្នន័យដែលស្ថិតនៅក្នុងប្រទេសលុចសំបួ ហើយការទំនាក់ទំនងទាំងអស់ត្រូវបានអ៊ិនគ្រីបពីចុងដល់ចុង។ Luxchat4Gov គឺអាចដំណើរការជាមួយគ្នាបាន (interoperable) ជាមួយ Luxchat (សម្រាប់សាធារណជន) និង Luxchat4Pro (សម្រាប់អាជីវកម្ម)។
- ហូឡង់៖ រដ្ឋាភិបាលហូឡង់បានប្រកាសពីគម្រោងបង្កើតកម្មវិធីផ្ញើសារដោយសុវត្ថិភាពផ្ទាល់ខ្លួន ប៉ុន្តែព័ត៌មានលម្អិតនៅមិនទាន់ចេញផ្សាយនៅឡើយទេ៕









