FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខការពារជាតិអេស្តូនី៖ NATO នឹងមិនរលំទេ ហើយអាមេរិកនឹងការពារសម្ព័ន្ធមិត្តរបស់ខ្លួន (Video inside)

17-04-2026 14:43

(វីលនីញូស)៖ រដ្ឋមន្រ្តីការពារជាតិអេស្តូនី បានប្រាប់ Reuters ថាអេស្តូនីដែលជាសមាជិកនៃអង្គការណាតូ (NATO) គ្មានការសង្ស័យឡើយចំពោះសហរដ្ឋអាមេរិក ជុំវិញការជួយការពារសម្ព័ន្ធមិត្ត ប្រសិនបើរងការវាយប្រហារពីសំណាក់រុស្ស៉ី ហើយថាអឺរ៉ុបមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីប្រឈមមុខជាមួយទីក្រុងមូស្គូដោយខ្លួនឯងនោះទេ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦។

អំឡុងទស្សនកិច្ចនៅរដ្ឋធានី Vilnius ប្រទេសលីទុយអានី លោក Hanno Pevkur និយាយថា «ខ្ញុំជឿលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តទាំងអស់របស់យើង។ លោកថាអាមេរិកត្រូវការអឺរ៉ុបសម្រាប់ផ្នែកយោធា ដូចដែលអឺរ៉ុបត្រូវការអាមេរិក​ ដូច្នេះខ្ញុំមិនជឿទេថា ណាតូនឹងរលំ»

លោក Hanno Pevkur បានប្រៀបធៀបភាព​តានតឹងបច្ចុប្បន្ននៅក្នុង​ណា​តូ ​ទៅនឹងប្តីប្រពន្ធដែលរៀបការយូ​មក​ហើយ​​ ដោយនិយាយថាទោះជាមានបញ្ហាអ្វីក៏អាចដោះស្រាយបាន ប៉ុន្តែបានទទួលស្គាល់ថាអឺរ៉ុប មិនទាន់អាចពឹងផ្អែកលើកម្លាំងយោធាខ្លួនឯងបាននៅឡើយទេ ក្នុងពេលនេះ។

គួរបញ្ជាក់ថា ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់អេស្តូនី កាលពីខែកុម្ភៈ ធ្លាប់ព្រមានថាអ្នកជិតខាងរបស់ខ្លួន គឺរុស្ស៉ីកំពុងស្តុកទុកគ្រាប់រំសេវ សម្រាប់ធ្វើសង្គ្រាមនាពេលអនាគត បន្ទាប់ពីបញ្ចប់សង្រ្គាមអ៊ុយក្រែន។ រុស្ស៉ី​បាន​ពណ៌នា​ការ​ចោទប្រកាន់​នេះថា ជារឿង​មិន​សមហេតុផល៕