ចិនណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានការត្រួតពិនិត្យព្រំដែនតឹងរ៉ឹង ពេលចូលសហរដ្ឋអាមេរិក (Video inside)
17-04-2026 14:17
(ប៉េកាំង)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ចិនបានណែនាំពលរដ្ឋរបស់ខ្លួនឱ្យប្រុងប្រយ័ត្ន ពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងចៀសវាងចូលអាកាសយានដ្ឋានធំរបស់ទីក្រុង Seattle បន្ទាប់ពីមានការត្រួតពិនិត្យព្រំដែនយ៉ាងតឹងរ៉ឹង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រសួងការបរទេសចិន បានឱ្យដឹងថា ថ្មីៗនេះ បញ្ញវន្តចិនប្រហែល ២០នាក់ ដែលទៅចូលរួមសន្និសីទអប់រំ ត្រូវបានគយ និងកងការពារព្រំដែនអាមេរិក (CBP) នៅអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma បដិសេធមិនឱ្យចូល និងសួរនាំមិនសមហេតុផល ទោះបីជាមានទិដ្ឋាការត្រឹមត្រូវក៏ដោយ។
ក្រសួងការបរទេសចិន ចាត់ទុកករណីនេះជាការបំពានដដែលៗ ផ្តោតលើបញ្ញវន្តចិន នៅអាកាសយានដ្ឋាន Seattle ជាមួយការណែនាំដល់ពលរដ្ឋរបស់ខ្លួន ចៀសវាងធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋាននេះ។ CBP មិនបានឆ្លើយតបភ្លាមៗ នឹងសំណើសុំអត្ថាធិប្បាយពី AFP ដែលបានស្នើក្រៅម៉ោងធ្វើការនៅអាមេរិក ជុំវិញការបដិសេធការនេះ៕



