មន្រ្តីជាន់ខ្ពស់ UN ថាប្រទេសស៊ូដង់ត្រូវបានគេបោះបង់ចោល ស្របពេលសង្រ្គាមស៉ីវិលឈានចូលឆ្នាំទី៤ (Video inside)
17-04-2026 13:16
(ខាទុំ)៖ មន្រ្តីកំពូលរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅស៊ូដង់ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា បានលើកឡើងថា ប្រទេសអាហ្រ្វិកមួយនេះ ដែលកំពុងប្រឈមវិបត្តិមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានគេបោះបង់ចោល ស្របពេលដែលសង្រ្គាមស៉ីវិលរវាងកងទ័ពស៊ូដង់ និងទាហានប៉ារ៉ា RSF បានបន្តឈានចូលឆ្នាំទី៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោកស្រី Denise Brown អ្នកសម្របសម្រួលរបស់ UN ប្រចាំស៊ូដង់ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនការយកចិត្តទុកដាក់លើប្រទេសនេះ ដែលជាប្រទេសធំមួយ មានប្រជាជនជាង៥០លាននាក់ និងសម្បួរទៅដោយធនធាន ដែលធ្លាប់ធ្វើឱ្យក្រុមមហាអំណាចបរទេស ធ្វើសង្រ្គាមដណ្តើមគ្នា។ លោកស្រីបានបន្តថា សកម្មភាពយង់ឃ្នងជាច្រើន ត្រូវបានកំណត់ត្រាដោយ UN អំឡុសង្រ្គាមស៉ីវិលនៅស៊ូដង់ ក្នុងនោះរួមមានទាំងអំពើហិង្សាផ្លូវភេទជាប្រព័ន្ធ និងការសម្លាប់មនុស្សរង្គាលរាប់ពាន់នាក់ ក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃ នៅទីក្រុង El-Fasher កាលពីឆ្នាំមុន។
លោកស្រី Brown បានសួរថា «តើអ្វីទៅដែលពិភពលោកកំពុងរង់ចាំ ដើម្បីអាចភ្ញាក់ឡើងហើយបង្កើតកិច្ចប្រឹងប្រែង ដូចដែលយើងបានឃើញចំពោះវិបត្តិអាក្រក់ៗដទៃទៀត នៅជុំវិញពិភពលោក ដោយមនុស្សម្នាបាននាំគ្នាចេញធ្វើបាតុកម្ម នៅតាមរដ្ឋធានី-រាជធានី ហើយថ្កោលទោសខ្លាំងៗលើអ្វីដែលកំពុងកើតឡើង?»។ មន្រ្តីជាន់ខ្ពស់ UN រូបនេះ បានបន្ថែមថា លោកស្រីជឿថា មានកម្លាំងពីខាងក្រៅ ដែលកំពុងអូសបន្លាយសង្រ្គាមនៅស៊ូដង់ ហើយកំពុងទទួលផលប្រយោជន៍។
គួរបញ្ជាក់ថា UN ធ្លាប់អំពាវនាវជាច្រើនលើកឱ្យមហាអំណាចបរទេស ឈប់ដុតបញ្ឆេះសង្រ្គាមស៊ូដង់ ប៉ុន្តែមិនបានចោទប្រកាន់ចំប្រទេសជាក់លាក់ណាមួយទេ។ យ៉ាងណាក្តី គេដឹងថា ខាងកងទ័ពស៊ូដង់ មានអេហ្ស៉ីបនិងអារ៉ាប៊ីសាអូឌីតជាខ្នងបង្អែក ហើយប្រើយន្តហោះដ្រូនដែលផលិតដោយតួកគីយ៉េនិងអ៉ីរ៉ង់។ ប៉ុន្តែការស្តីបន្ទោសភាគច្រើន គឺត្រូវបានទម្លាក់ទៅលើ អេមីរ៉ាតអារ៉ាប់រួម ដែលបដិសេធភស្តុតាងថាខ្លួនបានជួយផ្គត់ផ្គង់អាវុធដល់ទាហានប៉ារ៉ា RSF ដែលបានរងការចោទប្រកាន់ប្រព្រឹត្តអំពើប្រល័យពូជសាសន៍៕






