FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ អះអាងថាអ៉ីរ៉ង់យល់ព្រមប្រគល់ស្ដុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួច (Video inside)

17-04-2026 09:26

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាអ៉ីរ៉ង់បានយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់រួច​ ហើយថាប្រទេសទាំង២ កំពុងខិតកាន់តែជិតទៅរកកិច្ចព្រមព្រៀងសន្តិភាពដើម្បីបិទបញ្ចប់សង្រ្គាមដែលកំពុងឆេះរោលតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ បានទទូចថារាល់កិច្ចព្រមព្រៀងណាមួយជាមួយអ៉ីរ៉ង់ត្រូវតែហាមឃាត់ជាអចិន្ត្រៃយ៍មិនឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ។ លោកបានបើកធ្វើសង្រ្គាមដោយចោទថា ទីក្រុងតេហេរ៉ង់កំពុងខិតកាន់តែកៀកទៅនឹងការផលិតគ្រាប់បែកនុយក្លេអ៊ែរ ជាការសន្និដ្ឋានមួយមិនទទួលបានការគាំទ្រពីទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់ UN នោះទេ។ ទីក្រុងវ៉ាស៊ីនតោនត្រូវបានរាយការណ៍ថាបានស្នើអ៉ីរ៉ង់បញ្ឈប់កម្មវិធីចម្រាញ់អ៊ុយរ៉ាញ៉ូមរយៈពេល២០ឆ្នាំ តែអ៉ីរ៉ង់បានយល់ព្រមផ្អាកសកម្មភាពនុយក្លេអ៊ែររយៈពេល ៥ឆ្នាំ ជាសំណើមួយដែលក្រុមមន្ត្រីអាមេរិកបានច្រានចោល។

នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក ត្រាំ បាននិយាយថាវាពិតជាមានឱកាសល្អដើម្បីចុះកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ហើយលោកអាចនឹងពិចារណាធ្វើដំណើរទៅកាន់ ប៉ាគីស្ថានដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ «ពួកគេ (អ៉ីរ៉ង់) បានយល់ព្រមប្រគល់ឱ្យពួកយើងនូវស្ដុកអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់រួច»។ នេះជាការបន្ថែមរបស់ លោក ត្រាំ ប្រាប់ក្រុមអ្នកអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២៦។ សហរដ្ឋអាមេរិកបាននិយាយថាស្ដុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួចនេះអាចនឹង ត្រូវបានអ៉ីរ៉ង់ប្រើប្រាស់ដើម្បីផលិតអាវុធនុយក្លេអ៊ែរ៕