FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីស្រាអែល និងលីបង់ចាប់ផ្ដើមបទឈប់បាញ់ លោក ត្រាំ ថាកិច្ចចរចារវាងអាមេរិក និងអ៉ីរ៉ង់អាចនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ (Video inside)

17-04-2026 08:48

(វ៉ាស៊ីនតោន)៖ បទឈប់បាញ់រយៈពេល១០ថ្ងៃរវាងលីបង់ និងអ៉ីស្រាអែលបានចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២៦ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាកិច្ចចរចាជុំបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់អាចនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សង្រ្គាមជាមួយអ៉ីរ៉ង់ដែលផ្ដើមចេញពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើតម្លៃប្រេង ឡើងថ្លៃដែលបាន និងកំពុងបង្កជាបញ្ហាឈឺក្បាលខាងនយោបាយដ៏ធំមួយចំពោះលោក ត្រាំ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងមើលឃើញថាអ្វីនឹងកើតឡើង។ ប៉ុន្តែខ្ញុំគិតថាយើងខិតកាន់តែជិតទៅការចុះកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់»

ប៉ុន្មានម៉ោងក្រោយមក នៅឯព្រឹត្តិការណ៍មួយក្នុងទីក្រុង Las Vegas រដ្ឋ Nevada លោក ត្រាំ បានបញ្ជាក់ជាថ្មីថាសង្រ្គាមអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ថា ព្រមពេលជាមួយក្ដីរំពឹងថាសង្រ្គាមអាចនឹងបិទបញ្ចប់ឆាប់ៗ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ក៏បានព្រមានដែរថាប្រសិនបើអ៉ីរ៉ង់ធ្វើ ការសម្រេចចិត្តខុស នោះអ៉ីរ៉ង់នឹងត្រូវបានប្រឈមមុខនឹងការបិទខ្ទប់ និងការទម្លាក់គ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងថាមពល៕