FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការវាយប្រហាររបស់រុស្ស៊ីសម្លាប់មនុស្ស ១៧នាក់នៅអ៊ុយក្រែន ដែលជាការវាយប្រហារដ៏អាក្រក់បំផុតប្រចាំឆ្នាំនេះ (Video inside)

16-04-2026 22:36

(កៀវ)៖ នាថ្ងៃព្រហស្បតិ៍ អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា ការវាយប្រហារតាមអាកាសដោយប្រើប្រាស់យន្តហោះដ្រូន និងមីស៊ីលរបស់រុស្ស៊ីទៅលើរដ្ឋធានីកៀវ និងបណ្តាទីក្រុងផ្សេងទៀតនាយប់អាធ្រាត្រ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧នាក់ ក្នុងនោះមានកុមារអាយុ១២ឆ្នាំម្នាក់ និងបណ្តាលឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

វាជាការវាយប្រហារដ៏សាហាវ និងសម្លាប់មនុស្សច្រើនបំផុតមិនធ្លាប់មានប្រចាំឆ្នាំនេះ។ ក្រោយការវាយប្រហារ អគារស្នាក់នៅរបស់ប្រជាពលរដ្ឋ និងសណ្ឋាគារមួយចំនួននៅក្នុងរដ្ឋធានីកៀវ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈក្រុមសង្គ្រោះបានប្រញាប់ប្រញាល់ចុះជួយអន្តរាគមន៍ និងសម្អាតកម្ទេចកម្ទី។

ដោយឡែក ស្របពេលជាមួយគ្នានេះ កងកម្លាំងអ៊ុយក្រែនក៏បានបើកការវាយប្រហារទ្រង់ទ្រាយធំដោយប្រើប្រាស់យន្តហោះដ្រូន ទៅលើទីក្រុងកំពង់ផែសមុទ្រខ្មៅ ទូអាបសេ (Tuapse) របស់រុស្ស៊ីផងដែរ ដែលបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ ក្នុងនោះមានក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ព្រមទាំងមានអ្នករបួស៧នាក់ និងបង្កឱ្យមានអគ្គិភ័យយ៉ាងធំ។ គួរបញ្ជាក់ថា កំពង់ផែរុស្ស៊ីមួយនេះ គឺជារោងចក្រចម្រាញ់ប្រេងដ៏សំខាន់មួយ ក៏ដូចជាមជ្ឈមណ្ឌលនាំចេញប្រេង ធ្យូងថ្ម និងជីកសិកម្មផងដែរ៕