ប្រធានគណៈកម្មការអឺរ៉ុបបញ្ជាក់ថា EU និង NATO នឹងធ្វើការរួមគ្នាដើម្បីពង្រឹងទំនាក់ទំនង (Video inside)
16-04-2026 21:36
(ព្រុចសែល)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ឺស៊ូឡា វ៉ុនដឺឡេយេន (Ursula von der Leyen) កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងថា លោកស្រីបានឯកភាពគ្នាជាមួយអគ្គលេខាធិការអង្គការណាតូ (NATO) លោក ម៉ាក រូតត៍ (Mark Rutte) ក្នុងការធ្វើការរួមគ្នានៅប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងរវាងសហភាពអឺរ៉ុប (EU) និងសម្ព័ន្ធភាពយោធាមួយនេះឱ្យកាន់តែរឹងមាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X បន្ទាប់ពីជំនួបជាមួយលោក រូតត៍ ក្នុងទីក្រុងព្រុចសែល (Brussels) លោកស្រី វ៉ុនដឺឡេយេន បានគូសបញ្ជាក់ថា «ពួកយើងបានពិភាក្សាគ្នាអំពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលនឹងឈានចូលមកដល់ និងស្វែងរកមធ្យោបាយក្នុងការបង្កើនផលិតកម្មឧស្សាហកម្មការពារជាតិនៅអឺរ៉ុប។ យើងចាំបាច់ត្រូវតែវិនិយោគ និងបង្កើនការផលិតឱ្យបានកាន់តែច្រើន និងលឿនជាងមុន»។
លោកស្រីបានបន្ថែមថា ស្របពេលដែលការគំរាមកំហែងសន្តិសុខសកលកំពុងកើនឡើង ភាគីទាំងពីរបានយល់ព្រមធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងទំនាក់ទំនង EU-NATO និងត្រៀមរៀបចំកិច្ចប្រជុំកំពូលនៅរដ្ឋធានីអង់ការ៉ា (Ankara) ឱ្យទទួលបានជោគជ័យ។ ជុំវិញបញ្ហានេះ លោក ម៉ាក រូតត៍ ក៏បានសង្កត់ធ្ងន់នៅក្នុងសាររបស់លោកផងដែរថា «អឺរ៉ុបដែលរឹងមាំ មានន័យថាអង្គការណាតូក៏រឹងមាំដូចគ្នា»៕


