ប៉ាគីស្ថាន៖ បទឈប់បាញ់នៅលីបង់ គឺជាគន្លឹះឆ្ពោះទៅរកកិច្ចចរចាសន្តិភាពមជ្ឈិមបូព៌ាដ៏ទូលំទូលាយ (Video inside)
16-04-2026 20:51
(អ៊ីស្លាម៉ាបាដ)៖ នាថ្ងៃព្រហស្បតិ៍ ប៉ាគីស្ថានបានប្រកាសថា ការបញ្ឈប់ការវាយប្រហារលើប្រទេសលីបង់ គឺជាភាពចាំបាច់បំផុតសម្រាប់កិច្ចចរចាសន្តិភាពនៅតំបន់មជ្ឈិមបូព៌ាដ៏ទូលំទូលាយ ដោយទីក្រុងអ៊ីស្លាម៉ាបាដ ចាត់ទុកលីបង់ថាស្ថិតនៅក្នុងក្របខណ្ឌនៃបទឈប់បាញ់បណ្តោះអាសន្នរវាងអាមេរិក និងអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab news នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។
ការបញ្ជាក់ជំហរនេះធ្វើឡើង ចំពេលដែលមានការបកស្រាយខ្វែងគំនិតគ្នា ជុំវិញបទឈប់បាញ់រយៈពេលពីរសប្តាហ៍នេះ ដោយអ៊ីរ៉ង់ និងប៉ាគីស្ថានអះអាងថា វាមានសុពលភាពគ្របដណ្តប់លើប្រទេសលីបង់ ខណៈដែលសហរដ្ឋអាមេរិកបានបដិសេធ ហើយប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅទីនោះនៅតែបន្ត។ ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោក តាហៀរ អាន់ដ្រាប៊ី (Tahir Andrabi) បានគូសបញ្ជាក់ថា ការស្វែងរកសន្តិភាព និងការបញ្ឈប់ការវាយប្រហារនៅលីបង់ គឺជារឿងសំខាន់បំផុត ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ដំណើរការនៃកិច្ចចរចា។
ក្នុងនាមជាអ្នកសម្របសម្រួលកិច្ចចរចាដោយផ្ទាល់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ លោក អាន់ដ្រាប៊ី បានបន្ថែមថា ប៉ាគីស្ថានតែងតែរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន និងអារ៉ាប៊ីសាអូឌីត ដែលជាដៃគូដ៏គួរឱ្យទុកចិត្តក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនេះ។ ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់ដែរថា កិច្ចព្រមព្រៀងការពារជាតិជាមួយអារ៉ាប៊ីសាអូឌីតកំពុងដំណើរការយ៉ាងពេញលេញ ខណៈកាលបរិច្ឆេទ និងទីតាំងសម្រាប់កិច្ចចរចាសន្តិភាពជុំបន្ទាប់រវាងអាមេរិក និងអ៊ីរ៉ង់ នៅមិនទាន់ត្រូវបានកំណត់នៅឡើយនោះទេ៕



