FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីប្រេស៊ីល រិះគន់លោក ត្រាំ ថាគ្មានសិទ្ធិដើរគំរាមកំហែងប្រទេសដទៃនោះទេ (Video inside)

16-04-2026 20:26

(ម៉ាឌ្រីដ)៖ ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា (Lula da Silva) បានរិះគន់យ៉ាងចាស់ដៃទៅលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយលោកបានលើកឡើងថា មេដឹកនាំអាមេរិករូបនេះគ្មានសិទ្ធិក្នុងការដើរគំរាមកំហែងប្រទេសដទៃនោះឡើយ។ ការលើកឡើងនេះត្រូវបានចុះផ្សាយនៅក្នុងបទសម្ភាសន៍របស់កាសែតអេស្ប៉ាញកាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

ការរិះគន់នេះធ្វើឡើងបន្ទាប់ពីលោក ត្រាំ កាលពីដើមខែនេះ បានព្រមានធ្ងន់ៗថា «អរិយធម៌ទាំងមូលនឹងត្រូវវិនាស» នៅក្នុងប្រទេសអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះមិនព្រមបើកច្រកសមុទ្រហ័រមូស។ ថ្លែងប្រាប់កាសែត El Pais លោក លូឡា បានគូសបញ្ជាក់ថា «លោក ត្រាំ គ្មានសិទ្ធិភ្ញាក់ពីគេងនៅពេលព្រឹក ហើយនឹកឃើញចង់គំរាមកំហែងប្រទេសណាមួយតាមតែចិត្តនោះទេ»។ មេដឹកនាំឆ្វេងនិយមរូបនេះបានរំលឹកផងដែរថា រដ្ឋធម្មនុញ្ញអាមេរិកបានបែងចែកអំណាចលើបញ្ហាសង្គ្រាម និងគោលនយោបាយការបរទេសយ៉ាងច្បាស់លាស់រវាងសភា និងប្រធានាធិបតី ហើយលោកក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់ ដែលមេដឹកនាំនៃប្រទេសមហាអំណាចត្រូវតែទទួលខុសត្រូវខ្ពស់ក្នុងការរក្សាសន្តិភាព។

ក្រៅពីរិះគន់លោក ត្រាំ ប្រធានាធិបតីប្រេស៊ីលរូបនេះ ក៏បានអំពាវនាវសាជាថ្មីឱ្យមានការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ផងដែរ រួមមានការលុបចោលសិទ្ធិវេតូរបស់សមាជិកអចិន្ត្រៃយ៍ទាំង៥ និងការដាក់បញ្ចូលប្រទេសជាច្រើនទៀតមកពីទ្វីបអាហ្វ្រិក និងអាមេរិកឡាទីន ដោយលោកចាត់ទុកថាការធ្វើបែបនេះទើបអាចផ្តល់ភាពជឿជាក់ដល់អង្គការនេះឡើងវិញ៕