UN ព្រមានពីបញ្ហាសេដ្ឋកិច្ចសម្រាប់តំបន់អាស៉ីប៉ាស៉ីហ្វិក កេីតចេញពីតម្លៃថាមពលខ្ពស់ ដោយសារវិបត្តិសង្រ្គាមមជ្ឈិមបូព៌ា
16-04-2026 16:48
(ហ្សឺណែវ)៖ មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានព្រមានថា សេដ្ឋកិច្ចអាស៉ីប៉ាស៉ីហ្វិកកំពុងប្រឈមនឹងវិបត្តិពីសង្រ្គាមមជ្ឈិមបូព៌ា ដោយការកើនឡើងនូវតម្លៃប្រេងឥន្ធនៈ ស្បៀងអាហារ និងជីកសិកម្ម រុញច្រានជីវភាពប្រជាជនទូទាំងតំបន់ឱ្យធ្លាក់ចុះ។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២៦។
ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី Kanni Wignaraja បាននិយាយថា សម្ពាធដោយថ្លៃចំណាយកំពុងកើនឡើងយ៉ាងរហ័ស ទាំងចំពោះអ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្ម។ លោកស្រីប្រាប់ CNA ថាការកេីនឡេីងរហ័សបែបនេះ ភាគច្រើនមេីលទៅលេីការចំណាយថ្លៃប្រេងឥន្ធនៈក្នុងពេលដឹកជញ្ជូន។
ការអត្ថាធិប្បាយរបស់លោកស្រី ធ្វើឡើងតាមរបាយការណ៍ថ្មីនៃកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) ចេញផ្សាយកាលពីថ្ងៃអង្គារ ដែលរកឃើញថាសង្រ្គាមកំពុងជះឥទ្ធិពលនៅទូទាំងអាស៉ីប៉ាស៉ីហ្វិក ទោះបីជាមានបទឈប់បាញ់បណ្តោះអាសន្នក៏ដោយ។ របាយការណ៍នេះគ្របដណ្តប់ប្រទេសចំនួន ៣៦ ដោយគូសបញ្ជាក់ពីការពឹងផ្អែកយ៉ាងខ្លាំងរបស់តំបន់លើថាមពលនាំចូល និងខ្សែច្រវាក់ផ្គត់ផ្គង់សំខាន់ៗដែលកំពុងតែបង្កើនសម្ពាធលើពលរដ្ឋ អាជីវកម្មខ្នាតតូច និងថវិការបស់រដ្ឋាភិបាល។
ជាង ៨០ភាគរយនៃប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានចងភ្ជាប់នឹងអាស៉ី។ ដោយផ្លូវដឹកជញ្ជូនដ៏សំខាន់នេះស្ទេីរតែជាប់គាំងទាំងស្រុង ក្តីបារម្ភអំពីការផ្គត់ផ្គង់កំពុងជំរុញតម្លៃថាមពល ដែលនាំឱ្យថ្លៃដឹកជញ្ជូន អគ្គិសនី ស្បៀងអាហារ និងជីកសិកម្មកាន់តែឡេីងខ្ពស់។
លោកស្រី Wignaraja ដែលជានាយិកា UNDP ប្រចាំតំបន់អាស៉ី និងប៉ាស៉ីហ្វិក បាននិយាយថា ប្រទេសទាំងនោះ ក្នុងកម្រិតផ្សេងៗគ្នា ហាក់ភ្ញាក់ផ្អេីល ហេីយប្រទេសខ្លះក៏សម្របខ្លួនបានលឿន ទេីបការខាតបង់ផ្នែកសេដ្ឋកិច្ចមានតិចជាងប្រទេសដែលសម្របខ្លួនមិនទាន់។ យោងតាមការវាយតម្លៃរបស់ UNDP ប្រជាជនប្រមាណ ៨.៨លាននាក់ទូទាំងតំបន់ មានហានិភ័យធ្លាក់ចូលទៅក្នុងភាពក្រីក្រ៕
