ប្រធានាធិបតីកូរ៉េខាងត្បូង ត្រៀមធ្វេីទស្សនកិច្ចនៅឥណ្ឌា និងវៀតណាម ដោយផ្តោតលេីបញ្ហាថាមពល
16-04-2026 15:12
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នឹងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ប្រទេសវៀតណាម ក្នុងរយៈពេលច្រើនថ្ងៃចាប់ពីចុងសប្តាហ៍នេះតទៅ ដោយមន្ត្រីជាន់ខ្ពស់មួយរូបនិយាយថា ទីក្រុងសេអ៊ូលកំពុងស្វែងរកការសម្របសម្រួលផ្គត់ផ្គង់ប្រេងឥន្ធនៈ ដេីម្បីទប់ទល់នឹងផលប៉ះពាល់ពីវិបត្តិសង្រ្គាមមជ្ឈិមបូព៌ា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២៦។
ទីប្រឹក្សាសន្តិសុខជាតិ លោក Wi Sung-lac បានប្រាប់អ្នកយកព័ត៌មាន ថា លោក Lee នឹងចាកចេញពីប្រទេស នៅថ្ងៃអាទិត្យសម្រាប់ដំណើររយៈពេល ៣ថ្ងៃទៅឥណ្ឌា ជាទីដែលលោកនឹងជួបនាយករដ្ឋមន្ត្រី លោក Narendra Modi ក្នុងទីក្រុង New Delhi។ មេដឹកនាំទាំងពីរ ត្រូវបានគេរំពឹងថានឹងបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តទៅវិញទៅមក ក្នុងការរក្សាកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធ ពាក់ព័ន្ធខ្សែច្រវាក់ផ្គត់ផ្គង់ថាមពល។
លោក Lee នឹងទៅដល់ទីក្រុងហាណូយ នាយប់ថ្ងៃអង្គារ ហើយជួបមេដឹកនាំវៀតណាម លោក To Lam នៅថ្ងៃបន្ទាប់។ មេដឹកនាំទាំងពីរនឹងពិភាក្សាស៉ីជម្រៅទាក់ទងនឹងវិធានការជាក់ស្តែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងទៅវិញទៅមក ចំពេលមានភាពមិនប្រាកដប្រជាជាសកល។
គួរបញ្ជាក់ថា ដូចប្រទេសអាស៉ីជាច្រើនទៀតដែរ កូរ៉េខាងត្បូងបានប្រឈមមុខនឹងហានិភ័យខ្ពស់ជុំវិញការផ្គត់ផ្គង់ថាមពល ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ កាលពីចុងខែកុម្ភៈ ជំរុញឱ្យទីក្រុងតេហេរ៉ង់បិទខ្ទប់ច្រកសមុទ្រ Hormuz៕
