FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការបិទខ្ទប់​​បានចូលជាធរមាន​ ខណៈលោក ត្រាំ ព្រមានកម្ទេចនាវាអ៊ីរ៉ង់ចោលភ្លាមៗ ប្រសិនបើហ៊ានចូលជិតតំបន់បិទខ្ទប់របស់អាមេរិក (Video inside)

13-04-2026 22:55

(វ៉ាស៊ីនតោន)៖ ប្រតិបត្តិការបិទខ្ទប់របស់សហរដ្ឋអាមេរិកទៅលើកំពង់ផែនានារបស់ប្រទេសអ៊ីរ៉ង់ បានចូលជាធរមានជាផ្លូវការហើយ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានយ៉ាងចាស់ដៃថា រាល់នាវាវាយប្រហារល្បឿនលឿនរបស់អ៊ីរ៉ង់ដែលព្យាយាមចូលជិតតំបន់បិទខ្ទប់នេះ នឹងត្រូវកម្ទេចចោលភ្លាមៗតែម្តង។ នេះបើតាមការចេញផ្សាយ​​ ដោយបណ្តាញព័ត៌មានអន្តរជាតិ។

តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានអះអាងថា កងទ័ពជើងទឹករបស់អ៊ីរ៉ង់ត្រូវបានកម្ទេចទាំងស្រុង និងលិចទៅបាតសមុទ្រអស់ហើយ ដោយក្នុងនោះមាននាវាចំនួន ១៥៨គ្រឿងត្រូវបានកម្ទេចចោល។ លោកបានបន្ថែមថា អ្វីដែលអាមេរិកមិនទាន់បានវាយប្រហារ គឺក្រុម «នាវាវាយប្រហារល្បឿនលឿន» ដែលនៅសេសសល់មួយចំនួនតូចប៉ុណ្ណោះ ដោយសារកន្លងមកអាមេរិកមិនចាត់ទុកនាវាទាំងនោះថាជាការគំរាមកំហែងធំដុំនោះទេ។

មេដឹកនាំអាមេរិករូបនេះបានសង្កត់ធ្ងន់ជាការព្រមានថា ប្រសិនបើនារាទាំងនោះចូលមកក្បែរតំបន់បិទខ្ទប់របស់អាមេរិក ពួកវានឹងត្រូវកម្ទេចចោលភ្លាមៗ ដោយប្រើប្រាស់ប្រព័ន្ធវាយប្រហារកម្ចាត់ចោលដូចគ្នាទៅនឹងអ្វីដែលអាមេរិកប្រើប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀននៅតាមសមុទ្រដែរ។

គួរបញ្ជាក់ថា មិនទាន់មានការឆ្លើយតបណាមួយពីទីក្រុងតេអេរ៉ង់ចំពោះការព្រមានចុងក្រោយនេះនៅឡើយទេ ប៉ុន្តែមុនការប្រកាសនេះ ប្រធានសភាអ៊ីរ៉ង់បានប្រកាសជំហរយ៉ាងដាច់អហង្ការថា ប្រទេសរបស់ខ្លួននឹងមិនព្រម «ចុះចាញ់ក្រោមការគំរាមកំហែង» នោះឡើយ៕