FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីរ៉ង់ វាយប្រហារមជ្ឈមណ្ឌលគីមីឥន្ធនៈរបស់អារ៉ាប៊ីសាអូឌីត ដើម្បីសងសឹកការវាយប្រហារលើរោងចក្រក្នុងប្រទេសខ្លួន (Video inside)

07-04-2026 21:29

(រីយ៉ាដ)៖ នាថ្ងៃអង្គារនេះ កងឆ្មាំបដិវត្តន៍អ៉ីស្លាមអ៉ីរ៉ង់ (IRGC) បានអះអាងថា ខ្លួនបានបើកការវាយប្រហារលើមជ្ឈមណ្ឌលគីមីឥន្ធនៈ Jubail ដ៏ធំបំផុតរបស់អារ៉ាប៊ីសាអូឌីត។ ការវាយប្រហារនេះ គឺជាសញ្ញាណច្បាស់បំផុតដែលបង្ហាញថា ទីក្រុងតេហេរ៉ង់នៅតែមានសមត្ថភាពសងសឹកយ៉ាងខ្លាំងក្លា ខណៈឱសានវាទរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបើកច្រកសមុទ្រ ហ័រមូស (Hormuz) កាន់តែខិតជិតមកដល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អ៉ីរ៉ង់បានបញ្ជាក់ថា ការវាយប្រហារនេះ គឺដើម្បីសងសឹកនឹងការទម្លាក់គ្រាប់បែកកាលពីយប់មិញ ដែលបានបំផ្លាញរោងចក្រគីមីឥន្ធនៈនៅតំបន់ Asaluyeh របស់ខ្លួន។ IRGC បានអះអាងថា ពួកគេបានប្រើប្រាស់មីស៊ីលរយៈចម្ងាយមធ្យម និងដ្រូនអត្តឃាត ដើម្បីកំណត់គោលដៅចំរោងចក្រ Sadara ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមរវាង Saudi Aramco និងក្រុមហ៊ុន Dow ព្រមទាំងកន្លែងផ្សេងទៀតនៅក្នុងទីក្រុងឧស្សាហកម្ម Jubail។ ទោះបីជាយ៉ាងណា ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតបានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ស្ទាក់ និងកម្ទេចមីស៊ីលបាលិស្ទីកចំនួន ៧គ្រាប់ ដែលបាញ់សំដៅទៅកាន់តំបន់ភាគខាងកើតនៃប្រទេស ប៉ុន្តែបំណែកមីស៊ីលបានធ្លាក់ក្បែរទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពលមួយចំនួន។

គួរបញ្ជាក់ថា ការវាយប្រហារទៅវិញទៅមកនេះ បានធ្វើឱ្យទីផ្សារថាមពលពិភពលោកធ្លាក់ក្នុងភាពមិនច្បាស់លាស់យ៉ាងខ្លាំង។ ចាប់តាំងពីសង្គ្រាមរវាងសម្ព័ន្ធមិត្តអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់ បានផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈមក អ៉ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង ១/៥ នៃតម្រូវការពិភពលោក ដែលបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច និងការកើនឡើងនៃតម្លៃថាមពលយ៉ាងគំហុក។ លោក ដូណាល់ ត្រាំ បានព្រមានថា ប្រសិនបើអ៉ីរ៉ង់មិនព្រមបើកច្រកសមុទ្រនេះឡើងវិញត្រឹមថ្ងៃអង្គារទេ អាមេរិកនឹងវាយប្រហារកម្ទេចចោលហេដ្ឋារចនាសម្ព័ន្ធថាមពលទាំងអស់របស់អ៉ីរ៉ង់ ខណៈអ៉ីរ៉ង់នៅតែបន្តឆ្លើយតបវិញតាមរយៈការវាយប្រហារលើសម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់ដោយមិនរាថយ៕